ព្រៃវែង៖ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនា ២០១៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ប៉េអា អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំរំលេច និងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានលើកឡើងថា “នាឆមាសទី១ កម្ពុជាបានបង្កើតការងារថ្មីចំនួន ២៧.៩២១កន្លែង ទាំងនៅក្នុងប្រទេស ទាំងធ្វើការក្រៅប្រទេស ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានធ្វើ” ។
ពិធី នោះក៏ មានការចូលរួម ពី លោក ម៉ននី បណ្ឌិត ប្រធានយុវជនស្រុក ក្រុមការងារ បក្ស ខណ្ឌ សមាជិកគណៈកម្មាធិការ បក្ស ស្រុក ក្រុមការងារយុវជន ស្រុក សកម្មជនយុវជន ស្រុក ឃុំ គណៈកម្មាធិការបក្ស ឃុំ សាខាបក្សភូមិ និង មន្ត្រីថ្នាក់ដឹកនាំបក្សរួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ឯកឧត្តម ជាម ប៉េអា អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំរំលេច និងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានលើកឡើងផងដែរថា៖ក្នុងរយៈពេល ១ឆមាស ដើមឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរកការងារឲ្យប្រជាពលរដ្ឋធ្វើ ដែលមានដូចជា វិស័យសំណង់, វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្មជាដើម បានចំនួនជិត ៣ម៉ឺនកន្លែង ។
ឯកឧត្តមបានបញ្ជាក់ថា ដោយឡែកប្រជាពលរដ្ឋ នៅក្នុងឃុំរំលេច ក្រៅពីប្រកបរបរធ្វើស្រែចម្ការ និងនេសាទ គឺមានប្រជាពលរដ្ឋនៅក្នុងឃុំនេះជាង ៤០ភាគរយ កំពុងបម្រើការងារនៅតាមបណ្ដារោងចក្រ និងសហគ្រាសនៅក្នុងរាជធានី និងតាមបណ្ដាខេត្តមួយចំនួនទៀត ៕