ព្រៃវែង៖នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ប៉េអា អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាល និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំរំលេច និងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានដឹកនាំតំណាងប្រជាពលរដ្ឋរស់នៅឃុំព្រៃដើមថ្នឹងជិត ១០០នាក់ ប្រារព្ធខួបលើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនា ២០១៦ ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ថា ការប្រារព្ធកម្មវិធីនេះឡើង គឺក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏បរិសុទ្ធគ្រប់គ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្ដាច់ ឥតរាថយនៅគ្រប់ដំណាក់កាលដើម្បីបុព្វហេតុជាតិ ដ៏ឧត្តុង្គឧត្តមបំផុត ។
ឯកឧត្តម បានបន្ថែមថា “យើងប្តេជ្ញាការពារមាតុភូមិ និងថែរក្សារាល់សមិទ្ធផលសង្គមជាតិ ឲ្យស្ថិតស្ថេរគង់វង្ស បន្តប្រឹងប្រែងកសាងទឹកដីឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យភាព សន្តិភាព ស្ថេរភាព និងការរួបរួមជាតិ ដែលគ្មានការកើតឡើងជាថ្មី នូវរបបសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល” ។
ឯកឧត្តប្រធានក្រុមការងារ បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋានផ្ទាល់ បានតបណ្ដាញអគ្គិសនីឲ្យប្រជាពលរស់នៅក្នុងឃុំព្រៃដើមថ្នឹងទាំងមូល បានមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។
សូមបញ្ជាក់ថា ឃុំព្រៃដើមថ្នឹងនេះ មុនការគ្រប់គ្រងរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺផ្លូវមានការលំបាកយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ត្រូវចំណាយពេលស្ទើរមួយថ្ងៃ មួយយប់ ប៉ុន្តែបច្ចុប្បន្ន ប្រពលរដ្ឋគ្រាន់តែធ្វើដំណើរតាមយានយន្តតែជាង ២ម៉ោងកន្លះតែប៉ុណ្ណោះ ៕