ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​ទីស្នាក់ការ​គណបក្ស​ឃុំ​កោង​កាង ខេត្ត​ត្បូងឃ្មុំ​

27-June-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ ឯកឧត្តម វង សូត ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ពញាក្រែក រួម​នឹង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត បាន​ចូលរួម ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​ថ្ងៃ បង្កើត​គណបក្ស​ប្រជាជន​បក្ស​កម្ពុជា (១៩៥១-២០១៦) ពិធី​ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​អគារ​ទីស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​។​
​ក្នុងឱកាស​នោះ ឯកឧត្តម វង សូត បាន​ឲ្យ​ដឹងថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ និង​ការដើរ តាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា រួមជាមួយ​ជម្រុញ ការអភិវឌ្ឍន៍ ឥតឈប់ឈរ​នោះ សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ជាច្រើន បាន​កំពុង​កើតចេញ​ជា​បណ្តើរៗ មិន​ថា​នៅតាម​មូលដ្ឋាន ឬ​តំបន់​ដាច់​ស្រ​យ៉ា​ល​នោះឡើយ​។​

​ប្រធាន​ក្រុមការងារ​បានលើកឡើង​ទៀតថា ជាក់ស្តែង​សមិទ្ធផល ដែល​បាន​កើតឡើង​នៅក្នុង​ថ្ងៃនេះ បាន​ចំណាយ​ថវិការ​អស់​ជាច្រើន គឺ​បាន​កើតឡើង ដោយ​ការខិតខំ​ប្រឹងប្រែង របស់​គណបក្ស​ប្រជាជន​កម្ពុជា ជម្រុញ​ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​ឬ​អាជ្ញាធរ នៅតាម​មូលដ្ឋាន មាន​កន្លែងធ្វើការ​ងារ​សមរម្យ ក្នុង​ការផ្តល់​បម្រើសេវា នៅតាម​មូលដ្ឋាន​ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ជម្រុញ​ពិនិត្យមើល លើ​ចំណុច​ខ្វះខាត ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ សំដៅ​ជម្រុញ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ទាំងនោះ ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​បង្កើន​ការជឿជាក់ កាន់តែខ្លាំង​ខ្លា​ចំពោះ​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន​។​
​លោក ឡុង ធា​ម ប្រធាន​គណៈកម្មការ​ប​ក្ស​ស្រុក​ពញាក្រែក បាន​ឲ្យ​ដឹងថា ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុមការងារ​ចុះជួយ ខេត្ត​-​ស្រុក​-​ឃុំ គណបក្ស​ប្រជាជន​ឃុំ​កោង​កាង បានទទួល​ជ័យជំនះ ឈ្នះ​ការបោះឆ្នោត នឹងមាន​សំឡេង សមាជិក​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។ ជាក់ស្តែង នៅក្នុង​ពេលនេះ នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ ប្រកាស​ទទួលស្គាល់​សមា​ជិ​ក​ថ្មី ចំនួន​៣០០​នាក់​ទៀត គឺជា​សកម្មជន ដែល​កន្លងមក​ធ្លាប់បាន គ្រាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការធ្វើសកម្មភាព​មនុស្ស​ធម៌ ក៏ដូចជា​ធ្វើ​ការងារ​គណបក្ស នៅក្នុង​មូលដ្ឋាន​ឃុំ​កោង​កាង​ផង​ដេរ​។​

​លោក​សង្ឃឹមថា ក្រោយពី​សមិទ្ធផល​ទីស្នាក់ការ​បក្ស​នេះ បាន​លេចចេញ ជា​រូបរាង​ឡើងមក​ទៀត​នោះ គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ​ដ៏​ធំធេង​ដែល​កើតឡើង នៅតាម​មូលដ្ឋាន ចាត់ទុកជា​សមិទ្ធផល ដែលមាន​សារៈសំខាន់ និង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ក្នុងការ​បំពេញការងារ ក្នុងទិសដៅ​ជម្រុញ ការដណ្តើម​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត បន្តបន្ទាប់​នាពេលខាងមុខ​៕

ចំនួនអ្នកទស្សនា

    19552857

  • ថ្ងៃនេះ151
  • ម្សិលមិញ3161
  • សប្តាហ៍នេះ17571
  • ខែនេះ70471
  • ឆ្នាំនេះ325411
  • សរុប19552857