កំពង់ចាម៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១–២៨ មិថុនា ២០១៦ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានរារាំងប្រកបដោយជោគជ័យនូវការវិលត្រឡប់មកវិញនៃរបស់ប្រល័យពូជសាសន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទាញនូវការចាប់អារម្មណ៍លើ២ចំនុច ក្នុងនោះទី១ ត្រូវក្តាប់ឲ្យបាននូវឧបាយកលរបស់ក្រុមជនអគតិ ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ទី២ ត្រូវក្តាប់ឲ្យបាននូវយុទ្ធសាស្ត្រ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកើតពីប្រជាជន និងដើម្បីប្រជាជន ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយសមេ្តចតេជោ ហ៊ុន សែន គឺជារាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតប្រកបភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ស្ថិតក្នុងបរិបទដែលសេដ្ឋកិច្ចបង្ហាញនូវភាពរឹងមាំដោយរក្សាបាននូវកំណើតសេដ្ឋកិច្ចជាមធ្យម៧%ក្នុងមួយឆ្នាំ ហើយកម្ពុជាជំនះបានរាល់ឧបសគ្គទាំងឡាយដែលកើតចេញពីវិបត្តិនៃសេដ្ឋកិច្ចសកលលោកនិងគ្រោះធម្មជាតិនានា ហើយកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០លើសកលលោកដែលសំរេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយក៏ជាប្រទេសទី៥ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងជាប់ចំណាត់ថ្នាក់ទី១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបាននូវសុច្ចនាករសង្គមនៃការកាត់បន្ថយភាពក្រីក្របាន១% រៀងរាល់ឆ្នាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាប់សមាជិកបក្សទាំងអស់ថា ទិសដៅចំពោះមុខ គឺត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើថា ផឹកទឹកត្រូវនឹកឃើញប្រភព ហើយបើហូបផ្លែឈើ ត្រូវនឹកដល់អ្នកដាំ ត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះគណបក្សប្រជាជនកម្ពុជាដែលរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិពិសេសហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃ៕