ត្បូងឃ្មុំ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមិទ្ធផលនានា ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រនៅតាមមូលដ្ឋាន ទោះបីសមិទ្ធផលកកើតឡើងបានតិចឬ បានច្រើនក្តី គឺមានសារៈសំខាន់ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ។
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងក្នុងពិធីបុណ្យកាន់អង្គនិងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុរតនាឫស្សីកែវ ហៅវត្តដើមព្រៃ ស្ថិតនៅក្នុងភូមិដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់នូវរាល់ក្តីកង្វល់ លើបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយសម្តេចតែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យនៅកម្រិតទាប។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ចំពោះសមិទ្ធផលដែលសម្ពោធឆ្លងនៅពេលនេះ គឺជាសមទ្ធិផលដ៏វិសេសវិសាល សម្រាប់ទុកជាគុណប្រយោជន៍រួមរបស់ប្រជាសពលរដ្ឋទូទៅ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដើម្បីប្រតិបត្តិនៅក្នុងវិស័យព្រះពុទ្ធសាសនា ការធ្វើបុណ្យទានផ្សេងៗនៅតាមទំនៀមទម្លាប់របស់ខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រគេនដល់វត្តដើមព្រៃ នូវថវិការ៥លានរៀល ឧបត្ថម្ភសាលាស្រុកក្រូចឆ្មារ១លានរៀល សាលាឃុំក្រូចឆ្មារ៥សែនរៀល និងផ្តល់ជូនតាជីយាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល គ្រូពេទ្យ៥នាក់ លោកគ្រូអ្នកគ្រូ៥៩នាក់ ក្នុងម្នាក់ៗសារ៉ុង១ និងសិស្សានុសិស្ស១០០នាក់ ក្នុងម្នាក់ទទួលបានសម្ភារៈសិក្សា និងថវិកាចំនួន៥ពាន់រៀលផងដែរ៕