ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាគណៈអធិបតី ដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តអង្គការ ONE 2 ONE (មួយសម្រាប់មួយនៅកម្ពុជា) ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ នៅសាលាស្រុករំដួល ចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ថ្ងៃទី០៩ ខែកក្កដា២០១៦។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត តំណាងរាស្ត្រមណ្ឌល ស្វាយរៀងមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម អនុសាខាស្រុករំដួលសរុបជិត១ពាន់នាក់។ លោកស្រីឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងភស្តុភា និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារយេនឌរ័ក្រសួងការពារជាតិបានមានប្រសាសន៍ ថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចតេជោ បានសហការជាមួយក្រុមគ្រូពេទ្យអង្គការមួយសម្រាប់មួយកម្ពុជា(one2one Cambodia) ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ គឺពិនិត្យជំងឺមាត់ធ្មេញ បំពង់ក ជំងឺភ្នែក និងជំងឺទូទៅ រយៈពេល៥ថ្ងៃ ដែលមានក្រុមគ្រូពេទ្យចំនួន៤៨នាក់ ជនបរទេស១៣នាក់ ។
ដូច្នេះសូមប្រជាពលរដ្ឋដែលមានជំងឺសូមមកពិនិត្យព្យាបាលតាមម៉ោង ធ្វើការ ព្រឹកម៉ោង៧និង៣០នាទី ពេលរសៀលចាប់ពីម៉ោង១និង៣០នាទីរសៀលដល់ម៉ោង៦និង០០នាទីល្ងាច។ ក្នុងឱកាសនោះដែរលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានធ្វើការកោតសសើរថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងក្រុមគ្រូពេទ្យអង្គការ ONE2ONE ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាថ្ងៃនេះ។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុម គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ព្រមទាំងលោកវេជ្ជបណ្ឌិតទាំងអស់ទាំងបរទេសទាំងខ្មែរដែលបានចុះមក ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋយើងនៅស្រុករំដួល។លោក ជំទាវ ម៉ែន សំអន បន្តទៀតថាសុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗជាគ្រឹះជាសសរទ្រូង និងជាធាតុផ្សំ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឃន៍ប្រទេសជាតិ ហើយសុខភាពពិតជាមានតម្លៃជាងមាសពេជ្រទៅទៀត ព្រោះពលរដ្ឋមានសុខភាពល្អទើបបុគ្គលផ្ទាល់ក្នុងគ្រួសារ និងសង្គមជាតិមានសុភមង្គលនិងវឌ្ឍនភាព។
ដោយហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនដែលជាមគ្គុទេសដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ទី២និងទី៣ដែល មានលក្ខណៈប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះការលើកកម្ពស់ការផ្ដល់សេវាសុខភាពសាធារណៈជូន ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រស្ត្រី និងកុមារត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល២០០៨-២០១៥ ដោយជាលទ្ធផលរដ្ឋភិបាលសម្រេចបានសមិទ្ធិផលដ៏ធំធេង ដូចជាការបញ្ចប់សង្គ្រាមនិងទទួលបានសុខសន្តិភាពពេញលេញ។
លោកជំទាវ ម៉ែន សំអន ក៏បានសំណូមពរដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងអស់សូមខិតខំ ថែរក្សារសុខសន្តិភាព មានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍ មានទំនុកចិត្តពីអ្នកវិនិយោគទុន ហើយយើងត្រូវតែមានសាមគ្គីភាពរួមគ្នាគាំទ្រគម្រោងអភិវឌ្ឍន៍នានា ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍រួច និងកំពុងអភិវឌ្ឍន៍ឲ្យបានគង់វង់យូអង្វែងតកូនតចៅ។ នាឳកាសនោះលោកជំទាវ ម៉ែន សំអន បានឧបត្ថម្ភថវិកាដល់គណកម្មការរៀបចំកម្មវិធីចំនួន២,០០០,០០០រៀល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចំនួន២, ០០០,០០០រៀលផងដែរ៕