ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាស្នើ ឲ្យសកម្មជនបក្សគ្រប់ឋានានុក្រមបន្តដឹកនាំសមាជិកបក្សទៅធ្វើអត្តសញ្ញាប័ណ្ណ និងរៀបចំគ្រប់លក្ខណៈសម្បត្តិត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មធិការកណ្តាលគណបក្ស ប្រជាជនប្រធានក្រុមការងារ គណបក្សចុះជួយខេត្តស្វាយរៀង កាលពីចុងសប្តាហ៍មុននេះ បានស្នើឲ្យសកម្មជនបក្សគ្រប់ឋានានុក្រមបន្តដឹកនាំសមាជិកបក្សទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិ ខ្មែរឲ្យបានគ្រប់ៗគ្នាដើម្បីធានាដល់ការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស និងត្រៀមគ្រប់មធ្យោបាយឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីធានា ដល់ការច្បាមយកអាសនៈ និងតួនាទីដឹកនាំនៅក្នុងឃុំសង្កាត់ជូនគណបក្សប្រជាជន ឲ្យបានជោគជ័យនៅឆ្នាំ២០១៧ខាងមុខនេះ។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ ទៅកាន់សកម្មជនបក្សជាង៦០០នៅសាលប្រជុំធំរបស់គណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារចាប់ពីក្រោយសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩ ដល់បច្ចុប្បន្ន និងទិសដៅភារកិច្ចបន្តឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៤ របស់ក្រុមការងារចុះជួយស្រុករំដួលខេត្តស្វាយរៀង។
លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះជួយខេត្តបានណែនាំដល់ថ្នាក់ដឹកនាំបក្សស្រុកឃុំភូមិពិសេសក្រុមការងារបក្សចុះជួយស្រុកទាំងមូលត្រូវរៀបចំយុទ្ធសាស្ត្រ និងប្រតិទិនការងាររបស់ខ្លួនបទបញ្ជា និង នីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ស្របតាមច្បាប់បោះឆ្នោត។
គណបក្សស្រុកឃុំត្រូវយកចិត្តទុកដាក់ចុះឈ្មោះការកសាងបក្សគ្រប់គ្រងសមាជិកចាស់តាមរយៈការធ្វើបច្ចុប្បន្នភាពនិងពង្រីកសមាជិកបក្សថ្មីធានាឲ្យបានតាមការកំណត់ដោយធ្វើការណែនាំ និងធានាសមាជិកបក្សនិងអ្នកគាំទ្រមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បម្រើដល់ការបោះឆ្នោត និងរៀបចំសកម្មជនគណបក្សដាក់ពាក្យចូលធ្វើជាមន្ត្រីបោះឆ្នោតជាមន្ត្រីគណៈកម្មការរៀបចំ បោះឆ្នោតខេត្តស្រុកក្រុងឃុំសង្កាត់ឲ្យបានត្រឹមត្រូវតាមការកំណត់របស់ គជបផងដែរ។
ផ្សារភ្ជាប់ទៅនឹងការប្រារព្ធពិធីបុណ្យចូលកាន់ព្រះវស្សាដែល និងឈានចូលមកដល់នាពេលខាងមុខនេះដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចរួម នឹងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តបាននាំយកនូវទៀនវស្សាចំនួន៤០គូគ្រឿងឧបភោគបរិភោគបរិក្ខារបុណ្យ និង បច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃចំនួន៤០វត្តដែលមកពីស្រុកក្រុងទាំង៨សម្រាប់ចាត់ចែងប្រើប្រាស់ នៅក្នុងថ្ងៃចូលកាន់ព្រះវស្សានាពេលខាងមុខ និងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃដាឆ្លងសទ្ធាដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិឲ្យមានភាពសុខសាន្តផងដែរ៕