ភ្នំពេញ ៖ បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនាដែលនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងកំឡុងរដូវវស្សា ជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃពិបាកក្នុងការធ្វើដំណើរ និងនិមន្តពីទីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាសដាក់ឲ្យព្រះភិក្ខុទាំងឡាយចូលវស្សារយៈពេលបីខែដើម្បីសិក្សារៀនសូត្រពីធម៌ដោយពុទ្ធបរិស័ទជាអ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុងកំឡុងពេលចូលវស្សាបីខែនេះ។
ដោយមានការគិតគូរនិង យកចិត្តទុកដាក់អំពី សុខទុក្ខ នៃការរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ពីសំណាក់ ក្រុមការងារគណៈកម្មាធិការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារ សង្កាត់ សំរោងក្រោម ទើបនៅវេលាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ នៅវត្តតិក្ខបញ្ញោ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម បានប្រារព្ធពិធី ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៣ រួមមាន៖(វត្តត្រពាំងឈូក វត្ត ពូនភ្នំ វត្ត តិក្ខបញ្ញោ) នៅក្នុង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាពិធីនោះដែរ មានការអញ្ជើញចូលរួមយ៉ាងកុះករ ពីសំណាក់លោក ពេញ ហួរ លោក យ៉ាន់ យន់ ចៅសង្កាត់ មេភូមិ កងកំលាំងនគរបាល ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និង ក្រុមការងារចុះជួយសង្កាត់ ជាច្រើននាក់ផងដែរ ស្ថិតក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោងក្រោម។
នាឱកាសនោះដែរ លោក ប៊ិន ស៊ីនាថ និងក្រុមការងារ ត្រូវ បាន ទទួល ស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និង ព្រះសង្ឃ យ៉ាងច្រើន កុះករប្រកបដោយ ភាពសប្បាយ រីករាយស្និទ្ធស្នាល ក្រៃលែង ជាទីបំផុត ដោយបង្ហាញ ពីទឹកចិត្តស្រឡាញ់ រាប់អានប្រកបដោយភាតរភាព សទ្ធា ជ្រះថ្លា ក្នុង ពិធី ប្រគេនទៀនព្រះវស្សានាព្រឹកនេះ។
ឆ្លៀតឱកាសនោះដែរ លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារ ក៏បានលើកឡើង ផងដែរថា៖ ដោយប្រទេសយើង មានសុខសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទើបយើងមានឱកាសប្រារព្ធពិធីបុណ្យយ៉ាងសប្បាយនាព្រឹកនេះ។
លើសពីនេះទៅទៀត ក្រោយពីការសំណេះសំណាលលចប់ លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារបានប្រគេននូវទៀនព្រះវស្សា សម្ភារៈគ្រឿងឧបភោគ និង បច្ច័យ ដល់ព្រះសង្ឃដែលគង់នៅទីអារាមវត្តទាំង៣ នៅក្នុងសង្កាត់សំរោងក្រោមនាឱកាសនោះផងដែរ៕