ភ្នំពេញ ៖ ដោយមានការគិតគូរនិង យកចិត្តទុកដាក់អំពី សុខទុក្ខ នៃការរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ពីសំណាក់ ក្រុមការងារគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្ត ព្រៃវែង ស្រុក ស៊ីធរកណ្ដាល ក្រុមការងារ ឃុំ ទើបនៅវេលាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៦ នៅវត្ត ស្ថិតក្នុងភូមិសាស្ត្រ ឃុំរំលេច បានប្រារព្ធពិធី ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៦ នៅក្នុង ឃុំរំលេចស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
នាពិធីនោះដែរ មានការអញ្ជើញចូលរួមយ៉ាងកុះករ ពីសំណាក់លោក ម៉ននី បណ្ឌិត អភិបាលនៃអភិបាលស្រុកស៊ីធរកណ្ដាល លោក លោកស្រីជាក្រុមការងារចុះជួយស្រុកឃុំ មេឃុំចៅ មេភូមិ កងកំលាំងនគរបាល ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និង ក្រុមការងារចុះជួយឃុំ ជាច្រើននាក់ផងដែរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាម ប៉េអា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំរំលេច។
នាឱកាសនោះដែរឯកឧត្តម ជាម ប៉េអា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំរំលេច និងក្រុមការងារ ត្រូវ បាន ទទួល ស្វាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និង ព្រះសង្ឃ យ៉ាងច្រើន កុះករប្រកបដោយ ភាពសប្បាយ រីករាយស្និទ្ធស្នាល ក្រៃលែង ជាទីបំផុត ដោយបង្ហាញ ពីទឹកចិត្តស្រឡាញ់ រាប់អានប្រកបដោយភាតរភាព សទ្ធា ជ្រះថ្លា ក្នុង ពិធី ប្រគេនទៀនព្រះវស្សានាព្រឹកនេះ។
ឯកឧត្តមបានលើកផងដែរថា៖បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនាដែលនឹង ចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងកំឡុងរដូវវស្សា ជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃពិបាកក្នុងការធ្វើដំណើរ និងនិមន្តពីទីកន្លែងមួយទៅកន្លែងមួយ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាសដាក់ឲ្យព្រះភិក្ខុទាំងឡាយចូលវស្សា រយៈពេលបីខែដើម្បីសិក្សារៀនសូត្រពីធម៌ដោយពុទ្ធបរិស័ទជាអ្នក ទំនុកបម្រុងព្រះសង្ឃនៅក្នុងកំឡុងពេលចូលវស្សាបីខែនេះ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកឡើង ផងដែរថា៖ ដោយប្រទេសយើង មានសុខសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទើបយើងមានឱកាសប្រារព្ធពិធីបុណ្យយ៉ាងសប្បាយនាព្រឹកនេះ។
លើសពីនេះទៅទៀត ក្រោយពីការសំណេះសំណាលលចប់ ឯកឧត្តម ប្រធានក្រុមការងារបានប្រគេននូវទៀនព្រះវស្សា សម្ភារៈគ្រឿងឧបភោគ និង បច្ច័យ ដល់ព្រះសង្ឃដែលគង់នៅទីអារាមវត្តទាំង៣ នៅក្នុងសង្កាត់សំរោងក្រោមនាឱកាសនោះផងដែររួមមាន៖១/ទៀនវស្សា ៧ គូ ២/ស្លាដក ៧ ប្រអប់ ៣/ទឹកសុទ្ធវីតាល់ ១៤ កេស ៤/ មី ៧ កេស ៥/ទឹកក្រូច ៧ កេស ៦/ទឹកត្រី ១៤ យួរ ៧/ទឹកដេះគោខាប់ ៧០ កំប៉ុង ៨/តែ ៧ កញ្ចប់ធំ ៩/ស្កសរ ៧គីឡូ ១០/ថវិកាកសាង ៦ វត្តក្នុងមួយវត្តៗ ទទួលបាន១៥០០០០រៀល វត្តអន្លង់សរ៍ ២០០០០០រៀល ១១/ព្រះសង្ឃ១១ អង្គ ក្នុងមួយអង្គៗ ថវិកា ២០០០០រៀល១២/អាចារ្យ គណកម្មការវត្ត 11 នាក់ ក្នុងមួយនាក់ៗទទួលបានថវិកា១០០០០រៀល ១៣/បច្ចយ័ សម្រាប់ធ្វើចង្ហាន់ ប្រគេនព្រះសង្ឈចំនួន១.០០០.០០០រៀលសមាជិកចូលរួមមានចំនួនសរុប៨០នាក់ស្រី៤៥នាក់ ៕