កំពង់ចាម៖នៅព្រឹកថ្ងៃទិ២៩ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់សាលាអនុវិទ្យាល័យ ពង្រ ស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
អញ្ជើញចូលរួមនាឱកាសនោះមានវត្តមានឯកឧត្តមឈិត គឹមយាត សមាជិក ព្រឹទ្ធសភា និងប្រតិភូអមដំណេីរ ឯកឧត្តមក្រុមការងារក្រសួងព័ត៌មាន គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំង ប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូជាច្រើននាក់ផងដែរក្នុងនោះ ប្រជាពលរដ្ឋ ៣៥០ នាក់ស្រី ២៧០ នាក់ លោកគ្រូ អ្នកគ្រូ ២៥នាក់សិស្សានុសិស្សចំនួន៣០៦នាក់។
ក្រោយពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោក ផេនសុផល អភិបាលស្រុកកោះសូទិននៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងប្រធានក្រុមការងារបានលើកឡើងទៀតថា ជាក់ស្តែងសមិទ្ធផល ដែលបានកើតឡើងនៅក្នុងថ្ងៃនេះ បានចំណាយថវិការអស់ជាច្រើន គឺបានកើតឡើង ដោយការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមន្ត្រីឬអាជ្ញាធរនិងគ្រូ សិស្សានុសិស្ស នៅតាមមូលដ្ឋាន មានកន្លែងសិក្សារៀនសូត្រ ក្រេបជញ្ជក់ផ្ដល់នូវចំណេះដឹង សមរម្យ ក្នុងការអភិវឌ្ឍ បង្កើននូវប្រព័ន្ធអប់រំ តាមមូលដ្ឋានឲ្យមានកម្រិតបន្ថែមទៀត ដើម្បីកាត់បន្ថយភាពអនក្ខរកម្ម និងភាពមិនចេះអក្សរ ជូន ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅ តាមមូលដ្ឋាន ដោយស្របតាមផែនការយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជា ហ៊ុនសែន ជាប្រមុខ ។
ឯកឧត្តម ប្រធានក៏ បានឲ្យដឹងថា ដោយមានការជ្រោមជ្រែងពីក្រុមការងារចុះជួយ ខេត្ត-ស្រុក-ឃុំ គណបក្សប្រជាជន បានទទួលជ័យជំនះ ឈ្នះការបោះឆ្នោត នឹងមានសំឡេង សមាជិកកើនឡើងជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នាផងដែរ ឯកឧត្តមបានគូសបញ្ជាក់ថា៖បក្សប្រឆាំងបានរិះរកមធ្យោបាយ បង្កអសន្តិសុខលើរាជរដ្ឋាភិបាល ដូចជា រឿងឃាតកម្មលោកកែមឡី និងការគៀងគរប្រមូលគ្នាលាបពណ៌ ចោទលើបក្សប្រជាជន និងការជេររិះគន់លើទូរទស្សន៍ដែលមិន បានយករឿងការហែសពកែមឡី តាមពិតទៅទូរទស្សន៍ជាតិបានផ្សាយបន្តផ្ទាល់តែពួកគេបានបញ្ចេញកំហឹង ចាត់ទុកកែមឡី ជាវិរបុរសស្នេហាជាតិ ព្រោងព្រាតហើយពយកប្រឆាំងបានយកកេងចំណេញកាងសពថាកែមឡីដើរតួជាសកម្មជនបក្សខ្លួនដោយមិនបានគិតអ្វីសោះ ធ្វើឲ្យមតិប្រជាពលរដ្ឋស្អប់មកលើរាជរដ្ឋាភិបាល ពិសេសវិទ្យុអាស៊ីសេរីដែលផ្សាយព័ត៌មានបំភ្លើស កាន់បក្សប្រឆាំង នៅពេលថ្មីៗនេះមានលោកសមរង្ស៊ីបានចេញស្នើឲ្យសភាអ៊ឺរ៉ុបកាត់ជំនួយមិនឲ្យមានការនាំចេញវិស័យកាត់ដេរ តាមរយៈវិទ្យុបារាំងដល់ពេលមានប្រតិកម្មខ្លាំងពីប្រមុខដឹកនាំ និងកម្មករលោកបែរជាដោះសារ មិនទទួលកំហុស ហើយព្យាយាមកាត់វិដេអុក្នុងហ្វេសបុកចេញ នេះជាទង្វើមិនចេះចប់របស់លោកប្រធានបក្សស្ទើរភ្លើង ដែលសម្បូររឿង ច្រើន ដូចនេះសូមបងប្អូនមេត្តាពិចារណាថាគេធ្វើនេះត្រូវយ៉ាងណា ឯបុគ្គលមួយទៀតជាអនុប្រធានបក្ស រឿងអាស្រូវខ្លួននូវជាប់មិនទាន់ដោះចេញ ផងចោទគេចោទឯង ហើយប្រកាសថា២០១៨គេនឹងឈ្នះឆ្នោត។
ឯកឧត្តម សង្ឃឹមថា ក្រោយពីសមិទ្ធផល នេះ បានលេចចេញ ជារូបរាងឡើងមកទៀតនោះ គឺជាការបង្ហាញនូវឆន្ទៈដ៏ធំធេងដែលកើតឡើង នៅតាមមូលដ្ឋាន ចាត់ទុកជាសមិទ្ធផល ដែលមានសារៈសំខាន់ និងជាឧត្តមប្រយោជន៍ក្នុងការបំពេញការងារ ក្នុងទិសដៅជម្រុញ ការដណ្តើមជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត បន្តបន្ទាប់នាពេលខាងមុខ។
ក្រោយពីសំណេះសំនាលចប់ឯកឧត្តមបានប្រគល់នូវសម្ភារៈនិងថវិកាមួយចំនួនដល់អ្នកចូលរួម និងបានចូលរួមបញ្ចុះបឋមសិលាសាងសង់សាលាអនុវិទ្យាល័យ ពង្រ ស្ថិតនៅឃុំពង្រ ស្រុកកោះសូទិនចាប់ពីពេលនេះតទៅ៕