សៀមរាប៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនប្រចាំវិទ្យាល័យពួកចំនួន ៦០រូប ក្រោអធិបតីភាព លោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។
នេះជាលើកទី២ហើយចាប់តាំងពីឆ្នាំ២០១១មក ដែលយុវជនវិទ្យាល័យពួក បានទទួលកាបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មានចំនួន១១០រូបនៅវិទ្យាល័យផ្ទាល់។ ហើយក៏ជាលើកទី៣ផងដែរ ដែលមកទល់ពេលនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក មានយុវជនកាកបាទក្រហម ចំនួន១៦០រូប បានទទួលការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា។
បច្ចុប្បន្ននៅទូទាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានយុវជនកាកបាទក្រហមចំនួន ១,១៨៦រូប ដែលតាមរយៈនេះប្អូនៗយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងសកម្មភាពវិទ្យាល័យ ក៏ដូចជាសកម្មភាពមនុស្សធម៌ក្មុងសង្គមផងដែរ។
លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រកាន់ភ្ជាប់នូវគោលការណ៍ទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ក៏ដូចជាកំពុងអនុវត្តបន្តយុទ្ធសាស្ត្រ២០១១ ២០២០ ដែលក្នុងនោះបានលើកឡើងពីទស្សនវិស័យដូចជា រួមចំនែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ដោយផ្ដោតសំខាន់លើវិស័យស្នូលទាំង៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកម្ពស់គោលការគ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន។