ភ្នំពេញ៖ នាព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៦ នៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ សំរោងក្រោម បានប្រារព្ធពិធី បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិ អករំដួល ភូមិ ស្រែរជ្ជៈ និង ភូមិ ត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុង ពិធីនោះដែរ មានការអញ្ជើញចូលរួម ពីសំណាក់ លោក ពេញ ហួរ លោក យ៉ាន់ យន់ ចៅសង្កាត់ មេភូមិ សកម្មជនយុវជន ប្រជាពលរដ្ឋ និង ក្រុមការងារចុះជួយសង្កាត់ ជាច្រើននាក់ផងដែរសរុបប្រមាណ១០៥ នាក់ ស្ថិតក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ និង ជា ប្រធានក្រុមការងារចុះជួយ សង្កាត់សំរោងក្រោម។
ដំណើរការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិ អករំដួល ភូមិ ស្រែរជ្ជៈ និង ភូមិ ត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ត្រូវបានធ្វើឡើងដោយ យុវជននិងប្រជាពលរដ្ឋបានចូលរួម បោះឆ្នោត គាំទ្រសកម្មជនដែលជាថ្នាក់ដឹកនាំយុវជននៅតាមភូមិ ទាំង ៣ ប្រកបដោយប្រជាធិតេយ្យ និងតម្លាភាពដើម្បីពង្រឹងសកម្មភាពការងារ នៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅ រកប្រៀបឈ្នះនៅពេលបោះឆ្នោតនាពេលខាងមុខ។ ភ្លាមៗនោះគណៈកម្មាធិការបក្ស សង្កាត់ បានចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពដែលបានជាប់ឆ្នោត ហើយលើសពីនោះទៅទៀតសកម្មជនយុវជនដែលជាប់ឆ្នោតថ្មីបានឡើងធ្វើការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ នៅចំពោះមុខ គណៈអធីបតី ដើម្បីបញ្ជាក់អំពីគោលជំហរ ក្នុងនាមជាយុវជនរបស់បក្ស ។
បន្ទាប់ពីចេញ សេចក្ដី សម្រេចទទួលស្គាល់ក្បាលម៉ាស៊ីនសកម្មជនយុវជន ភូមិរួចមក លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារ ក៏បានមានមតិផ្ដាំផ្ញើ ដល់សកម្មជនយុវជនដែលត្រូវបានជាប់ឆ្នោតថ្មី៖ លោកក៏បានសម្ដែងនូវអំណរសាទរ ចំពោះយុវជនដែលទទួលបានការគាំទ្រជាប្រធាន អនុប្រធាន សមាជិក មកពីភូមិទាំង៣ សង្កាត់សំរោងក្រោម។
លើសពីនេះទៅទៀតលោកក៏បានផ្ដាំផ្ញើ ផងដែរថា៖ប្អូនៗជាយុវជនត្រូវនាំគ្នាប្រព្រឹត្តតែអំពើល្អឃ្លាត ចាកឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀន ខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រូវជ្រើសរើសយក ចំណេះ ជំនាញ ខិតខំរៀន ភាសា ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឲ្យមាន ភាព ជោគជ័យដែលជាមូលដ្ឋាន ក្នុងការ កសាងគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត ព្រោះថា យុវជនជាសសរទ្រូង ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ ហើយត្រូវចូលរួម សហការជាមួយសាខាបក្សភូមិ និងគណៈកម្មាធិការបក្សសង្កាត់ ក្រុមការងារ ក្នុងការបំផុសចលនាពង្រឹង ការងារបក្សមូលដ្ឋាន និងផ្សព្វផ្សាយគោលការណ៍ដឹកនាំរបស់បក្ស ដល់ស្រទាប់មហាជន និងណែនាំដល់យុវជន ប្រជាពលរដ្ឋ ឲ្យចូលរួមចុះឈ្មោះ បោះឆ្នោត និង បោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះនៅការបោះឆ្នោត ឆ្នាំ ២០១៧- ២០១៨ខាងមុខនេះដើម្បីបន្ត ការ គាំទ្រ សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល នៅអណត្តិ បន្ត បន្ទាប់ទៀត។ ក្រោយពីការសំណេះសំណាល និងផ្ដាំផ្ញើចប់ លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារ ក៏ បានចែកជូននូវថវិកាមួយចំនួនដល់អ្នកចូលរួម នាឱកាសនោះផងដែរ៕