ភ្នំពេញ៖ ដើម្បី ពង្រឹង សកម្មភាព នៃការងារ យុវជននៅថ្នាក់ភូមិ ឲ្យមានក្បាលម៉ាស៊ីនរចនាសម្ព័ន្ធ ស្របតាមគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងសម្រេចបានតាមផែនការ យុទ្ធសាស្ត្រ ដើម្បីឈានបានភាពជោគជ័យនិងទទួលបានប្រៀបឈ្នះនៅការបោះឆ្នោតនាពេលខាងមុខ ទើប នៅព្រឹក ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ នៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ សំរោងក្រោម បានប្រារព្ធពិធី បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិ ទាំង៨ ( ភូមិ ចំការស្លែង ចែងម៉ែង អណ្ដូងតាអន គោកព្រិច សំរោង ព្រៃពពេល ចាក់ជ្រូក និង ភូមិ តិក្ខប្បញ្ញោ )សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុង ពិធីនោះដែរ មានការអញ្ជើញចូលរួម ពី លោក ពេញ ហួរ លោក កែវ សង្វាត លោក ថៃ ថុន លោក យ៉ាន់ យន់ ចៅសង្កាត់ មេភូមិ សកម្មជនយុវជន និង ក្រុមការងារចុះជួយសង្កាត់ ជាច្រើននាក់ផងដែរសរុបប្រមាណ២៥០ នាក់ ស្ថិតក្រោមអធិបតីភាព លោក ប៊ិន ស៊ីនាថ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ និង ជា ប្រធានក្រុមការងារចុះជួយ សង្កាត់សំរោងក្រោម។
ដំណើរការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិ ភូមិ ទាំង៨សង្កាត់សំរោងក្រោម ត្រូវបានធ្វើឡើងដោយ យុវជននិងប្រជាពលរដ្ឋបានចូលរួម បោះឆ្នោត គាំទ្រសកម្មជនដែលជាថ្នាក់ដឹកនាំយុវជននៅតាមភូមិ ទាំង ៨ ប្រកបដោយប្រជាធិតេយ្យ តម្លាភាព និង រលូន។
លើសពីនេះទៅទៀត លោក ប៊ិន ស៊ីនាថ ក៏បានផ្ដាំផ្ញើ ផងដែរថា៖ប្អូនៗជាយុវជនត្រូវនាំគ្នាប្រព្រឹត្តតែអំពើល្អឃ្លាត ចាកឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀន ខិតខំប្រឹងប្រែងរៀនសូត្រ ហើយត្រូវជ្រើសរើសយក ចំណេះ ជំនាញ ខិតខំរៀន ភាសា ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឲ្យមាន ភាព ជោគជ័យដែលជាមូលដ្ឋាន ក្នុងការ កសាងគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត ព្រោះថា យុវជនជាសសរទ្រូង ជាទំពាំងស្នងឬស្សី ។
លោកប្រធានក្រុមការងារក៏បានលើកបញ្ជាក់បន្ថែមថា៖ ដោយមាន កត្តា សុខសន្តិភាព ស្ថេរភាព នយោបាយ ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឆ្នើម បានបង្កលក្ខណៈឲ្យ យុវជនក្រីក្រ មកពីជនបទ មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដោយស្នាក់អាស្រ័យនៅតាមទីវត្ត អារាមនានា និង អាចកែប្រែកម្រិតជីវភាព លើកស្ទួយគ្រួសារ ព្រមទាំងបានចូលបម្រើការងារជាមន្ត្រីរាជការ ដើម្បីចូលរួមចំណែកកសាងសង្គមជាតិផងដែរ ។
ដូចនេះហើយ យើងទាំងអស់គ្នា ជាយុវជនត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការសិក្សារៀនសូត្រពី រៀមច្បងនៅមូលដ្ឋាន ដើម្បី ជាសសរទ្រូងជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការ ការពារ សន្តិភាពនិងការអភិវឌ្ឍដែលជា មរតកមិនអាចកាត់ថ្លៃបានឲ្យស្ថិតស្ថេរ ចីរកាល យូរអង្វែង ជានិច្ចនិរន្តរ៍។
ក្រោយពីការសំណេះសំណាល និងផ្ដាំផ្ញើចប់ លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារ ក៏ បានចែកជូននូវថវិកាមួយចំនួនព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ ជាមួយយុវជន និង អ្នកចូលរួម នាឱកាសនោះផងដែរ៕
អត្ថបទ៖ លោក ឈន់ សីហា