នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) ដែលដឹកនាំដោយលោកអាត់ បូនី អគ្គលេខាធិការ លោក អែម ប៊ុនធឿន អគ្គលេខាធិការរង និងលោក កែវ នួន ទីប្រឹក្សា បាននាំយកថវិកាចំនួន៥០០ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោក ហុក រ៉េន ចាងហ្វាងវេបសាយសារព័ត៌មានដើមត្នោត ដើម្បីជួយសម្រួលបន្ទុកជីវភាព ដែល សព្វថ្ងៃលោកកំពុងជួបការលំបាកដោយសារមានជំងឺផ្នែកខួរក្បាលដែលត្រូវវះកាត់ បន្ទាប់ពីជើងម្ខាងរបស់លោកត្រូវបានកាត់ដោយសារតែជំងឺ។
លោក អាត់ បូនី អគ្គលេខាធិការសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដែលបានដឹកនាំអំណោយដោយផ្ទាល់ទៅដល់គេហដ្ឋានលោកហុក រ៉េន បានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់ ស.ស.ស.ក ចំពោះគ្រួសារអ្នកសារព័ត៌មានដោយមិនមានការរើសអើងព័ណ៌សម្បុរនិងនិន្នាការនយោបាយ។
លោកអាត់ បូនី បន្ថែមថា ស.ស.ស.ក ត្រូវបានបង្កើតឡើងទី១.ដើម្បីជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកកាសែត ក្នុងការប្រកបមុខរបរនេះដោយត្រឹមត្រូវនិងមានសុវត្ថិភាព។ ទី២.គឺដើម្បីគាំពារអ្នកកាសែតទាំងផ្នែកសង្គមកិច្ចនិងផ្នែកច្បាប់ ជាក់ស្តែងសកម្មភាពរបស់ថ្នាក់ដឹកនាំ ស.ស.ស.ក នៅពេលនេះនិងពេលកន្លងមកបង្ហាញពីការយកចិត្តទុកដាក់និងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានបញ្ជាក់ដែរថា ការជួយរបស់ ស.ស.ស.ក នៅពេលនេះគឺ គ្មានចង់បានអ្វីក្រៅពីចូលរួមចំណែកក្នុងផ្នែកណាមួយដោយសមាណចិត្តជាលក្ខណៈមនុស្សធម៌ ដែលជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងឡាយ ដើម្បីអាចបន្តការងារតាមឧត្តមគតិនិងវិជ្ជាជីវៈក្នុងគោលដៅបំរើផលប្រយោជន៍ជាតិ និងសង្គម ។
នៅក្នុងឱកាសនោះដែរ លោក ហុក រ៉េន រួមទាំងក្រុមគ្រួសារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និង សមាជិក-សមាជិកា ស.ស.ស.ក ដែលបានយកចិត្តទុកដាក់ សួរសុខទុក្ខ និងផ្តល់ជាអំណោយមនុស្សធម៌ដល់រូបលោក។ អ្នកកាសែតជើងចាស់រូបនេះ ចាត់ទុកថា នេះជាការជួយផ្នែកទឹកចិត្តនិងសមាណចិត្តដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងកាលៈទេសៈមួយ ដែលលោកនិងក្រុមគ្រួសារកំពុងជួបប្រទះការលំបាក។
សូមបញ្ជាក់ថា ស.ស.ស.ក ដែលបង្កើតឡើងចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ មានសមាជិកគាំទ្រប្រមាណជា៨០០នាក់ ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ បានធ្វើសកម្មភាពយ៉ាងផុសផុលក្នុងការជួយគាំពារដល់អ្នកសារព័ត៌មានដែលជួបការលំបាកជាបន្តបន្ទាប់។
គិតទាំងលើកនេះ គឺជាលើកទី៧ហើយ ដែល ស.ស.ស.ក បាននាំថវិកាជួយដល់អ្នកសារព័ត៌មាន ដែលជួបប្រទះនឹងបញ្ហាជំងឺ និងអ្នកកាសែតទទួលមរណៈភាព ដោយ ស.ស.ស.ក បានប្រើប្រាស់ថវិការដ៏មានតម្លាភាពបំផុត ដែលបានមកពីសប្បរសជននានា និងថវិការបន្ថែមផ្ទាល់ពីថ្នាក់ដឹកនាំនិងសមាជិករបស់ ស.ស.ស.ក ផងដែរ៕