ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ថា ៖ ចំនួនសំឡេងនាំមុខ របស់គណបក្សប្រជាជនកម្ពុជា លើគណបក្សប្រឆាំង ឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែមានឧត្តមភាព នៃការគាំទ្រពីប្រជាពលរដ្ឋ នៅតែមានប្រជាប្រិយភាព ពីប្រជាជនជាម្ចាស់ឆ្នោតដដែល ។ទោះបីមានការប្រែប្រួល ឡើងចុះនៃចំនួនសំលេងឆ្នោត ចាប់តាំងពីឆ្នាំ ២០០២ មកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា នៅតែមានសំឡេងនាំមុខ គណបក្សប្រឆាំងរហូត ។
លោកបញ្ជាក់ថា “ការប្រែប្រួលតួលេខសំឡេងឆ្នោត និងចំនួនអាសនៈ ជារឿងធម្មតា នៅក្នុងប្រទេសដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាមួយគ្នានោះដែរ លោក សុខ ឥសាន បានស្នើដល់អ្នកវិភាគបើយល់ថា គណបក្សប្រជាជនកម្ពុជា ចុះខ្សោយ ហើយនោះជាឱកាស ល្អដែលអស់លោកគួរតែបង្កើតគណបក្សមួយ ដើម្បីប្រកួតប្រជែងបោះឆ្នោតទៅ ជាការប្រសើរ បើប្រជាជនគាំទ្រអស់លោក អស់លោកកាន់អំណាច តាមការឈ្នះឆ្នោតនោះទៅ ។ នេះហើយ ហៅថា លទ្ធិប្រជាធិបតេយ្យនោះ មិនបាច់និយាយបន្លំ បោកប្រាស់ប្រជាជនដោយ លំអៀងនយោបាយទេ ៕ ដោយ លាង ម៉េងឡា