ក្រចេះ ៖ អ្នកភូមិប្រុសស្រីក្មេងចាស់ប្រមាណជិត១០០គ្រួសារ សុទ្ឋសឹងជាជនជាតិភាគតិច មកពីភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បាននាំគ្នាមកឈរ អង្គុយត្រៀបត្រានៅបរិវេណខាងក្នុងរបងតុលាការខេត្ត ដើម្បីឃ្លាំមើលនីតិវិធីរបស់តុលារការ ទៅលើអ្នកភូមិចំនួន៥នាក់។
ការលើកគ្នាមកកាន់តុលាររបស់ប្រជាពលរដ្ឋជនជាតិភាគតិចព្នង ចំនួនជិត១រយគ្រួសារធ្វើដំណើរចេញពីភូមិក្នុងព្រៃមកកាន់តុលាការ ដោយមធ្យោបាយគោយន្តកន្ត្រៃ ចំនួន ៦គ្រឿងនេះ ធ្វើឡើងក្រោយពីខាងស្ថាប័នអយ្យការ បានចេញដីកាកោះហៅបុរស ជាអ្នកភូមិចំនួន ៥នាក់ មកសាកសួរជាប់ចោទជាជនសង្ស័យក្នុងសំណុំរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន។
សំណុំរឿងទំនាស់ដីធ្លីរវាងក្រុងហ៊ុន ដុងទឺសាយហ្គន របស់ក្រុមហ៊ុនវៀតណាម ជាមួយនឹងប្រជាពលរដ្ឋជនជាតិព្នង នៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ទៅលើផ្ទៃដីមួយកន្លែងនៅ ខាងក្រោយភូមិ ដែលបានកើតឡើងមានរយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺនៅតែមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
កន្លងប្រជាពលរដ្ឋតែងតែនាំគ្នាប្តឹងតវ៉ាស្វែករកកិច្ចអន្តរាគមន៍មកអាជ្ញាធរស្រុក-ខេត្ត និងក៏បានរារាំងមិនឲ្យក្រុមហ៊ុនឈូសឆាយដីព្រៃមួយកន្លែងនៅខាងក្រោយភូមិ ដែលពួកគាត់បានចាត់ទុកថា ជាដីកេរតំណែលរបស់បងប្អូនជនជាតិភាគតិច។ មិនតែប៉ុណ្ណោះក៏ជាដីសមូលហភាពរបស់ពួកគាត់ សម្រាប់ពួកគាត់អាស្រ័យផលពីអនុផលព្រៃឈើ និងជាដីរក្សាទុកសម្រាប់ជាទីទួលសុវត្ថិភាពជម្លៀសមនុស្សសត្វពាហនៈ នៅពេលទឹកជំនន់ជន់អូរម្តងៗ។
ដោយសារតែភាពចម្រូងចម្រាស់ឥតឈប់ឈរ ក៏មានអ្នកភូមិ៥នាក់ ត្រូវបានតុលាការខេត្ត ចេញដីកាកោះហៅឲ្យចូលមកបំភ្លឺនៅតុលាការខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្តឹងមួយចំនួនរបស់ក្រុមហ៊ុន ទើបពួកគាត់លើកគ្នាមកជិត១រយនាក់ មកឃ្លាំមើលលើនីតិវិធិ ដោយខ្លាចក្រែងមានការចាប់ឃុំខ្លួនអ្នកភូមិទាំង៥នាក់ របស់ពួកគាត់។
ប្រជាពលរដ្ឋជាអ្នកភូមិទាំងចំនួន ៥នាក់ ដែលត្រូវបានតំណាងស្ថាប័នអយ្យការចេញដីការ កោះហៅមកឲ្យបំភ្លឺក្នុងសំណុំរឿង គំរាមកំហែង ធ្វើឲ្យខូចខាត និងញុះញង់ មាន ទី១.ឈ្មោះ សុខ ចាន់រី អាយុ ៤៣ឆ្នាំ ,ទី២.ឈ្មោះ ឃី យ៉ុន អាយុ ៥១ឆ្នាំ ,ទី៣.ឈ្មោះ ហ៊ុំ ញ៉ន អាយុ ៥៥ឆ្នាំ ,ទី៤.ឈ្មោះ ឃី ឌឿន អាយុ ៦៣ឆ្នាំ និងទី៥.ឈ្មោះ ហ៊ាង ថន អាយុ ៣០ឆ្នាំ អ្នកទាំង៥ សុទ្ឋសឹងជាជនជាតិភាគតិចព្នង រស់នៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី។
បើតាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ ហ៊ាង ថន អាយុ ៣០ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិទាំង ៥នាក់ ដែលត្រូវបានស្ថាប័នអយ្យការចេញដីកាកោះហៅឲ្យចូលខ្លួន បំភ្លឺដែរនោះបានឲ្យដឹងថា កន្លងមកបើទោះបីជាអ្នកភូមិមានទំនាស់ជាមួយ និងក្រុមហ៊ុន ក៏ពិតមែនតែពួកគាត់ក៏មិនទាន់បានធ្វើអ្វីឲ្យជ្រុលជ្រួសហួសច្បាប់ទៅលើក្រុមហ៊ុននោះទេ។ គឺការតវ៉ាធ្វើឡើដោយសន្តិវិធី។
នៅក្នុងបរិវេណតុលាការអ្នកភូមិប្រុស-ស្រី បានអះអាងថា ការដែលពួកគាត់លើកគ្នាមកនេះ ដើម្បីឃ្លាំមើលនីតិវិធីរបស់តុលាការ ដោយខ្លាចក្រែងឃុំខ្លួនអ្នកភូមិរបស់គាត់។ ហើយប្រសិនបើតុលារចាប់អ្នកភូមិទាំង ៥នាក់ ឃុំខ្លួននោះ ពួកគាត់នឹងបន្តលើកគ្នាតវ៉ាដល់រាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដល់ស្ថាប័នកំពូល។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ធុច បញ្ចៈសន្តិភាព ដែលជាតំណាងអយ្យការ លើការចេញដីកាកោះហៅ បានឲ្យដឹងតាមទូរស័ព្ទថា អយ្យការគ្រាន់តែកោះហៅ បុរសទាំង ៥នាក់ ឲ្យមកបំភ្លឺ ទៅតាមដំណើររឿងតាមបណ្តឹងរបស់ក្រុមហ៊ុន ដែលបានប្តឹងថា ពួកគេទាំង ៥នាក់ តែងតែរារាំងសកម្មភាពការវិនិយោគរបស់ក្រុមហ៊ុន។
លោកព្រះរាជ្ញាអាជ្ញាររងបានបញ្ជាក់ថា ប្រសិនបើការសាកសួររបស់អយ្យការ ចម្លើយរបស់ពួកគេរកមិនឃើញមានធាតុផ្សំបទល្មើសដូចការចោទប្រកាន់នោះទេ តុលាការនឹងឲ្យពួកគេត្រឡប់ទៅផ្ទះវិញធម្មតា ៕