ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ថា មានការបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងសំណង់របស់ក្រុមហ៊ុន NAGA World ដែលបានសាងសង់ខុសច្បាប់ អនុញ្ញាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស។
លោកបានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនោះបានសម្រេចនូវបញ្ហាមួយចំនួនដូចជា ១-ក្រសួងរៀបចំដែនដីនឹងចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ។ ២-ក្រុមជាងក្រុមហ៊ុន ចាប់ផ្តើមរុះរើដោយខ្លួនឯងចាប់ពីថ្ងៃសុក្រនេះ គឺរុះដំបូលមុខ ពុទ្ធសាសនបណ្ឌិតជាមុន ។ ៣-ចាត់មន្ត្រីជំនាញ ប្រចាំការជំរុញដំណើរការនេះរហូតដល់ទីបញ្ចប់។
ចំណាត់ការចំពោះសំណង់ក្រុមហ៊ុន NAGA Worldនេះ បានធ្វើឡើងភ្លាមៗក្រោយពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ឱ្យពិភាក្សា និងមានវិធានការកែលម្អវិញជាបន្ទាន់ នូវសំណង់អគាររបស់ក្រុមហ៊ុន NAGA World ដែលបានសាងសង់ប៉ះពាល់ ដល់សោភ័ណភាពរាជធានី ដើម្បីធ្វើយ៉ាងណាឲ្យរក្សាបាននូវលំហសាធារណៈ សម្រាប់ប្រជាពលរដ្ឋមកលម្ហែកំសាន្តនៅសួន សម្តេចហ៊ុន សែន ឱ្យដូចដើម បន្ទាប់ពីសម្តេចបញ្ចប់ពិធីសម្ពោធគម្រោងការពារទឹកជំនន់ជំហាន៣ របស់ JICA កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះ៕