ភ្នំពេញ៖ នៅថ្ងៃទី៧ វិច្ឆិកា ២០១៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល ៥ថ្ងៃកន្លងទៅនេះ បានទទួលម្ចាស់ទូរស័ព្ទ ដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេស ស្ម័គ្រចិត្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករចំនួន ២៥១៣គ្រឿង គិតជាទឹកប្រាក់សរុបប្រមាណ ២០៣.០៧៨.៤២៧រៀល ស្មើនឹងជាងប្រមាណ៥ម៉ឺនដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក គ្មានពន្ធគ្រប់ប្រភេទ ដែលមិនទាន់បានចូលមកប្រកាសបង់ពន្ធ និងអាករដោយស្ម័គ្រចិត្ត សូមមេត្តារួសរាន់ មកបំពេញកាតព្វកិច្ចពន្ធ ដើម្បីទទួលបានការលើកលែងផាកពិន័យ។
ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យនូវអនុលោមភាព តាមហាងលក់ទូរស័ព្ទ និងកន្លែងស្តុកទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមកើតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក ដែលបានស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេលកន្លងមកផងដែរ។ ការស្ម័គ្រចិត្តចូលរួមមកបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាការឆ្លើយទៅ នឹងខ្លឹមសារលិខិតលេខ ១៦០៨ អគរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕