ស្ទឹងត្រែង៖ តំបន់ភូមិភាគឦសាន ការកាប់បំផ្លាញព្រៃឈើបានកើតឡើងយ៉ាងក្តៅគគុកក្នុងខេត្តស្ទឹងត្រែង ។ ឈើប្រណីតកាប់រាប់រយម៉ែត្រគូប នៅចំណុចដែលគេស្គាល់ឈ្មោះថៅកែយ៉ាងច្បាស់នោះ ឈ្មោះ ស្រេង ម៉េង កំពុងដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ ប្រើប្រាស់ឡានសុទ្ធតែស៊េរីទំនើបហ៊ឺហា ។
សព្វថ្ងៃប្រជាពលរដ្ឋនិយាយតគ្នាថា មូលហេតុដែលធ្វើឲ្យខូចខាតផ្លូវគឺដោយសារតែឡានដឹកឈើ ។ ឯព្រៃឈើនៅតំបន់ឧទ្យានជាតិ វិរៈជ័យ ដែលជាជម្រកសត្វព្រៃពីមុនសំបូរណាស់ ដូចជាសត្វខ្លាឃ្មុំ ខ្លាធំ ជ្រូកព្រៃ រមាំង គោព្រៃ ក្តាន់ ប្រើស រមាស ខ្ទីង ដំរី ... ឥឡូវរលាយអស់ហើយទាំងព្រៃឈើ ទាំងសត្វព្រៃ ដោយសារស្នាដៃថៅកែខាងលើ និងក្រុមហ៊ុនជាច្រើនទៀតប្រជាពលរដ្ឋទូទាំងស្រុកសៀមប៉ាងនិយាយថា ពិបាកផឹកទឹកទន្លេណាស់ ដោយសារពួកក្រុមហ៊ុនដឹកឈើតាមទូក កាណូតចងព្យាងឈើរាប់រយម៉ែត្រគូបតាមផ្ទៃទឹកទន្លេ ។
រីឯឈើធ្នង់ជាប្រភេទឈើចេញជ័រអណ្តែតពេញផ្ទៃទឹក ធ្វើឱ្យប្រជាពលរដ្ឋផឹកមិនកើតបំពុលបរិស្ថានធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋ ។ រីឯអាជ្ញាធរអសមត្ថភាពមិនបានធ្វើការបង្ក្រាបនោះទេ គឺបិទភ្នែកម្ខាងបើកភ្នែកម្ខាង រីឯដៃចាំទទួលយកប្រាក់ពីពួកឈ្មួញបំផ្លាញជាតិតែប៉ុណ្ណោះ ៕