កំពង់ធំ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឡង់ចុងក្រោយនេះពីសំណាក់មេឈ្មួញធំៗនិងមានខ្នងបង្អែកដ៏ក្រាស់ៗនោះ កំពុងសម្រុកដឹកឈើយ៉ាងគគ្រឹកគគ្រេងនៅលើទឹកដីស្រុកសណ្តាន់ ឃុំមានរិទ្ធិ , ឃុំទំរីង និង ឃុំដងកាំបិត ដោយសមត្ថកិច្ចត្រូវដងត្រូវផ្លែជាមួយឈ្មួញ អស់ហើយ ។
មេឈ្មួញដែលកំពុងធ្វើសកម្មភាពលើទឹកដីឃុំមានរិទ្ធិ ស្រុកសណ្តាន់នោះ ត្រូវគេបង្ហើបឈ្មោះឱ្យដឹងថា គឺ ឈ្មោះ យាម រើម , យាយ ហេ ម្ចាស់ផ្សារអូពក, លោក ប៉ែន ប៊ុនគា ដែលមានឋានៈជាវរសេនីយ៍ត្រីយោធាផ្នែកស្រាវជ្រាវ ហើយលោក ប៉ែន ប៊ុនគា នេះមានសិប្បកម្មខុស ច្បាប់ចំនួនពីរកន្លែងនៅចំណុច ៩៩ ។
បច្ចុប្បន្ននេះមេឈ្មួញដែលខ្នងមានដ៏ក្រាស់ខាងលើ កំពុងធ្វើព្យុះធ្វើភ្លៀង ដោយមិនញញើតដៃឡើយ ។ នៅពេលសារព័ត៌មានសាកសួរសុំការបំភ្លឺគេឆ្លើយថា គេបានបង់ប្រាក់អោយអាជ្ញាធរស្រុក-ខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហើយ ។ ពេលសួរថាតើឈ្មោះអីអាជ្ញាធរ ស្រុក-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនោះជាអ្នកណា ? ពួកគាត់ឆ្លើយថា មិនដឹង ។
ដូច្នេះដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះបាន គឺមានតែលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមេធំរដ្ឋបាលព្រៃឈើ គឺលោក ឆេង គឹមស៊ុន និង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលអាចជួយទប់ស្កាត់បាន ។ បើសង្ឃឹមលើ លោក អ៊ុច សំអន អភិបាលខេត្តកំពង់ធំវិញ គឺ ព្រៃឡង់នឹងវិនាសហិនហោចអស់ហើយ ព្រោះអភិបាល ខេត្តរូបនេះតាំងពីគាត់ចូលកាន់តំណែងមក មិនដែលអើពើអំពីបញ្ហានេះទេ ។
ផ្ទុយទៅវិញ គេតែងតែឃើញលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ចោញស្នាដៃជូនជាតិមាតុភូមិដែលធ្វើឱ្យមេឈ្មួញខ្លះរត់ចោលស្រុក ឬទទួលទោសតាមច្បាប់ ។ ក្រៅពីនោះមិន ឃើញសមត្ថកិច្ចអាជ្ញាធរ បញ្ចោញស្នាដៃនៅឡើយ ។
ប្រជាពលរដ្ឋ និងសហគមន៍នានា សំណូមពរសុំឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយស៊ើបអង្កេតរឿងនេះផង ដើម្បីកុំឱ្យមេឈ្មួញទាំងបីពើងទ្រូងខ្លាំងពេក ។ ហើយក៏ដើម្បីឱ្យអភិបាលខេត្តគោរពអនុសាសន៍ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្លះផង ៕