កំពង់ឆ្នាំង៖ ថវិការជាតិប្រមាណជាង៤០លានរៀល ត្រូវបានគេសង្ស័យថាមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងចៅហ្វាយស្រុកកំពង់លែង កំពុងឃុបឃិតគ្នា កឹបកេងពីថវិការជាតិ ក្នុងគម្រោង ២ ដែលមានទឹកប្រាក់ សរុបប្រមាណជាង ១៧០លានរៀល ។ នេះបើតាមអ្នករកស៊ីដែលចូលរួមដេញថ្លៃក្នុងខេត្តឲ្យដឹង។
គួររំលឹកថា នៅថ្ងៃទី១៤ ខែ១២ ឆ្នាំ២០១៥កន្លងមកនេះ នៅសាលាស្រុកកំពង់លែង មានរៀបចំពិធីប្រកាសដេញថ្លៃ ធ្វើផ្លូវចាក់គ្រួសក្រហមមួយខ្សែ ពីចំណុច គោកទន្សាយ ទៅដល់ភូមិត្របែក ដែលមានចម្ងាយ (១១៥២ម៉ត្រ) តែគេធ្វើឡើងដោយស្ងាត់ៗព្រោះ មានតែក្រុមហ៊ុនចំនួន៣ប៉ុណ្ណោះចូលរួមដេញថ្លៃ (ក្រុមហ៊ុន២ទៀតអាចជា ក្រុមហ៊ុនខ្យល់) ។ ចំពោះការដេញថ្លៃធ្វើផ្លូវនោះ ត្រូវបានប្រភពបង្ហើបថាធ្លាក់លើដៃក្រុមហ៊ុន មួយមានម្ចាស់ឈ្មោះ សេង ប៊ុនលី ក្នុងទឹកប្រាក់ ៨៥ ២៥០ ០០០ រៀល(ប៉ែតស៊ិបប្រាំលាន ពីរយហាស៊ិបពាន់រៀល)។
កាលពីថ្ងៃទី០៨ ខែ១០ ឆ្នាំ២០១៥ ក្រុមហ៊ុនដែលមានម្ចាស់ឈ្មោះ សេង ប៊ុនលី ក៏ធ្លាប់បានដេញថ្លៃទទួលបានជោគជ័យដោយស្ងាត់ៗនូវជួសជុលធ្វើរបង សាលាស្រុកកំពង់លែង ដែលមានប្រវែង ២៦០ ម៉ែត្រ ដែលត្រូវចំណាយអស់ថវិការ ៨៦ ៦៣៨ ០០០ រៀល(ប៉ែតស៊ិបប្រាំមួយលាន ប្រាំមួយរយសាមស៊ិបប្រាំបីពាន់រៀល) បច្ចុប្បន្នកំពុងតែដំណើរការ។ គម្រោងធ្វើផ្លូវចាក់គ្រួសក្រហមមួយខ្សែខាងលើនេះ គឺជាជំនួយរបស់អង្គការស៊ីដា និងគម្រោងជួសជុលធ្វើរបងសាលាស្រុកកំពង់លែង ជាថវិការរបស់ស្រុក ថវិការទាំងពីនេះ វាជាថវិការរបស់រដ្ឋ ដែលមួយប្រភេទបានមកពីការយកពន្ធលើមធ្យោបាយ គ្រប់ប្រភេទនិងការបង់ពន្ធផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ និងមួយប្រភេទទៀតជាថវិការដែលរដ្ឋាភិបាលដើរខ្ចីពីប្រទេសគេ យកមកសម្រាប់បម្រើហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ទោះយ៉ាងណាក៏នៅតែរដ្ឋ សងបំណុលគេដដែល។ ប្រាក់ដែលរដ្ឋត្រូវសងបំណុលគេគឺជាប្រាក់របស់ប្រជាពលរដ្ឋ។
ដោយសារការដេញថ្លៃគម្រោងទាំង២ខាងលើនេះ ត្រូវបានគេធ្វើឡើងដោយស្ងាត់ៗព្រោះ មិនមានបិទប្រកាសនៅមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និង នៅសាលាស្រុកកំពង់លែងតាមច្បាប់លទ្ធកម្មសាធារណៈធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿថា មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងអភិបាលស្រុកកំពង់លែង បានត្រូវរ៉ូវគ្នារួចជាស្រេចជាមួយក្រុមហ៊ុន ឈ្មោះ សេង ប៊ុនលី ។ ការសង្ស័យគឺដោយសារលោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង រូបនេះគាត់ធ្លាប់មានរឿងអាស្រូវជាច្រើនក្នុងស្រុកកំពង់លែងនាពេលកន្លងមក។ ហេតុដូច្នេះហើយ មុននឹងចូលនិវត្តន៏ នៅខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ដាច់ខាតលោកអភិបាលស្រុករូបនេះ គាត់ត្រូវឆ្លៀតឱកាសចុងក្រោយនៃជីវិតការងាររកចំណូល។ ចំណែក លោក អ៊ូ ជួបកុសល ដែលជាប្រធានមន្ទីរ សេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង នៅវ័យក្មេងសោះ តែគាត់មិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយឡើយប្រសិនបើមានការ ស្រាវជ្រាវករណីធ្វើលទ្ធកម្មខាងលើនេះ។
ករណីទាំងពីរខាងលើនេះ ប្រសិនបើលោកអភិបាលខេត្តកំពង់ឆ្នាំងអត់បានសើមមាត់ទេលោក គួរតែបង្កើត គណៈកម្មការចម្រុះ របស់ថ្នាក់ខេត្តមួយដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ បើអាចធ្វើបានដើម្បីធ្វើការត្រួតពិនិត្យការដេញថ្លៃឡើងវិញ ព្រោះមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងនិងចៅហ្វាយស្រុកកំពង់លែង ត្រូវបានគេសង្ស័យថាបានចំណេញប្រាក់របស់ជាតិប្រមាណ ជាង៤០លានរៀល ក្នុងការដេញថ្លៃគ្មានតម្លាភាពលើគម្រោងទាំង២ខាងលើនេះ ។ សង្ឃឹមថាលោកប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងអភិបាលស្រុកកំពង់លែងនឹងបកស្រាយលើការចោទប្រកាន់នេះដើម្បីឲ្យប្រជាពលរដ្ឋអស់សង្ស័យជាមិនខាន។
សូមបញ្ជាក់ដែរថាបើតាមច្បាប់ប្រឆាំងអំពើរពុករលួយស៊ីសំណូកលុយរដ្ឋតែ៥ដុល្លារ ឬ២ម៉ឺនរៀលមានទោសជាប់គុក១សប្តាហ៍៕
ប្រភព៖ meatophoum