ក្រចេះ៖ ជារឿយៗគេសង្កេតឃើញរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើយ៉ាងពេញនិយម ចេញតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់តាំងពីខេត្តក្រចេះ រហូតមកដល់ខេត្តត្បូងឃ្មុំ ដោយក្រុមឈ្មួយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដែលពុំឃើញមានមន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ័ដែលនៅតាមបណ្តោយជាតិលេខ៧ ចាប់បង្ក្រាបនោះទេ ជាពិសេសគឺមន្ត្រីជំនាញរដ្ឋបាលនោះឯង ដែលជាអ្នកទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទុកបណ្តែតបណ្តោយអោយក្រុមឈ្មួញដឹកជញ្ជូនឈើ និងកាប់បំផ្លាញ់ព្រៃឈើដោយគ្មានការទប់ស្កាត់អ្វីទាល់តែសោះ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា ការដឹកជញ្ជូនឈើសព្វថ្ងៃនេះ ដោយមានការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញដែលនៅតាមបណ្តោយផ្លូវអស់រួចទៅហើយបានជាគេធ្វើមិនដឹងមិនលឺបែបនេះ។
ជាក់ស្តែងដូចនៅក្នុងរូបភាពនេះស្រាប់ហើយ ប្រជាពលរដ្ឋរស់នៅឃុំកន្ទួត ស្រុកចិត្របុរី បានរិះគន់យ៉ាងចំៗទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក៏ដូចជាសមត្ថកិច្ចទាំងអស់ ពូកែណាស់ចាប់ថាចាប់បាន តែចំពោះប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួចតែប៉ុណ្ណោះ ចំណែកឯមេឈ្មួញរកស៊ីដឹកជញ្ជូនឈើ ដូចគេហែកឋិន ពុំឃើញមានសមត្ថកិច្ចណាមួយចាប់បង្ក្រាបនោះឡើយ ។
ទាក់ទិនបញ្ហានេះដែរប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៧សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុវត្ថភាព ពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសព្វថ្ងៃនេះ ដែលនៅតាមផ្លូវជាតិលេខ៧ ព្រោះដោយសាររថយន្តសំយ៉ុងដឹកឈើជន្លង់ម្រេចនោះឯង ដែលអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាញឹកញាប់ផងដែរ ។
គួរបញ្ជាក់ដែរថា នៅពេលដែលភ្នាក់ងារយកព័ត៌មានឃើញសកម្មភាពក្រុមឈ្មួញកំពុងដឹកជញ្ចួនឈើជន្លង់ម្រេចហើយ ភ្នាក់ងារយើងក៏បានទំនាក់ទំនងសុំការបំភ្លឺតាមរយៈទូរស័ព្ទទៅលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត តែមិនអាចទំនាក់ទនង់បាន។
ប្រជាពលរដ្ឋបានសំណូមពរដល់ ឯកឧត្តម សរ ចំរ៉ុង អភិបាលខេត្តក្រចេះ សូមមេត្តាជួយទប់ស្កាត់បទល្មើសព្រៃឈើដែលកើតមានឡើងយ៉ាងអាណាធិបតេយ្យដូចសព្វថ្ងៃនេះផង ឬក៏ទុកឲ្យក្រុមឈ្មួញកាប់ឈើលក់ឲ្យអស់ទៅ ៕