មណ្ឌលគីរី ៖ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងខេត្តមណ្ឌលគីរី បានឱ្យដឹងថា ប្រជាពលរដ្ឋទូទៅបានស្គាល់យ៉ាងច្បាស់នូវឈ្មោះ ម៉ុត វិសាល ជាមេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់អភិរក្សចម្រុះសីមា និងឈ្មោះ ធី ជាមេការប្រមូលទិញ ឈើប្រណិតគ្រប់ប្រភេទកំពុងប្រឈមនឹងសេចក្តីវិនាសហិនហោច ។
អ្វីដែលគួរកត់សម្គាល់នោះ គឺឈ្មោះ ធី ជាមេការរបស់មេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើរបស់លោក ម៉ុត វិសាល ដែល បញ្ចុះបញ្ចូល ឱ្យប្រជាពលរដ្ឋចូលកាប់ព្រៃឈើប្រណិត និងប្រមូលទិញឈើយ៉ាងសុខស្រួលនៅតំបន់អភិរក្សចម្រុះសីមាក្នុងខេត្តមណ្ឌលគីរី ។ អាចនិយាយបានថា ឈើប្រណិតនៅក្នុងតំបន់អភិរក្សចម្រុះសីមាជៀសមិនផុតពីរលាយសូន្យ ដោយស្នាដៃ លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគីរី ឃុបឃិតឱ្យមេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើ គឺឈ្មោះ ម៉ុត វិសាល និងបក្ខពួកនោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើឈ្មោះ កែប កត់ និងសមត្ថកិច្ចពាក់ព័ន្ធគិតតែរឿងផលប្រយោជន៍ មិនបង្ក្រាបបទល្មើសឡើយ ។
មន្ត្រីអង្គការនៅក្រៅរដ្ឋាភិបាល និងប្រធានសហគមន៍ការពារព្រៃឈើឱ្យដឹងថា បទល្មើសកាប់ឈើប្រណិតក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែកើតមានយ៉ាងពេញបន្ទុក ។ ប្រភពដដែលខាងលើបានឱ្យដឹងទៀតថា ឈ្មោះ ម៉ុត វិសាល និងឈ្មោះ ធី ជាមេការ គឺជាអ្នកយកលុយទៅបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋមួយចំនួនដែលមានមុខរបរកាប់ឈើឱ្យចូលព្រៃសហគមន៍ និងព្រៃអភិរក្សចម្រុះសីមាដើម្បីលួចកាប់ឈើយកមកលក់ឱ្យពួកគេ ។ ចំណែកលោក អេង ប៊ុនហៀង និងលោក កែប កត់ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដូចជា មន្ត្រីបរិស្ថាន ព្រមទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មិនចាត់វិធានការបង្ក្រាបបទល្មើស ប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកនោះទេ ។
ឈ្មួញតូចតាចមួយចំនួនបានឱ្យដឹងថា ឈ្មោះ ធី ជាមេការរបស់លោក ម៉ុត វិសាល គឺជាអ្នកប្រមូលទិញឈើពីតំបន់ អភិរក្សចម្រុះសីមា ហើយដឹកជញ្ជូនមកស្តុកក្នុងឃ្លាំងមួយកន្លែងមានទីតាំងក្នុងដី សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន តុងមិន ស្ថិតនៅ ស្រុកសំបូរ ខេត្តក្រចេះ រួចទើបធ្វើការដឹកជញ្ជូនបន្តទៅកាន់គោលដៅដែលកំណត់ ។
សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ដោយសារតែសកម្មភាពប្រមូលទិញឈើប្រណិតរបស់ក្រុមលោក ម៉ុត វិសាល កក្រើកឡើងវិញ នៅខេត្តមណ្ឌលគីរីនេះ ហើយសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សចម្រុះសីមា រងការកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃ ។ ចំណែកមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី ក្រោមការគ្រប់គ្រង ដឹកនាំដោយលោក កែប កត់ ក៏ត្រូវបានគេសង្ស័យថា អាចមានការឃុបឃិតបើកដៃឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុង តំបន់អភិរក្សចម្រុះសីមាជាថ្នូរនឹងការទទួលបានផលប្រយោជន៍ពីពួកឈ្មួញតាមរបៀបពុករលួយ ទើបពុំធ្វើការបង្ក្រាប ។
លោក កែប កត់ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីបញ្ហានេះ ។ ហើយអភិបាលខេត្តមណ្ឌលគីរី លោក អេង ប៊ុនហៀង ហាក់ដូចជា អសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបទៅលើក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ និងឈ្មួញរកស៊ីឈើដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ៕