មណ្ឌលគិរី៖ កម្លាំងការពារព្រៃ WWF និងនគរបាលវរៈការពារព្រំដែនគោកប៉ុស្តិ៍ម្រើច បានចាប់ឃាត់ត្រាក់ទ័ររបស់ជនជាតិវៀតណាមចំនួន៥គ្រឿង ខណៈចូលមកកាប់ និងដឹកជញ្ជូនឈើនៅក្នុងទឹកដីប្រទេសកម្ពុជា។ ការចាប់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ នៅក្នុងព្រៃស្រុកកោះញ៉ែក ជាប់ព្រំដែនប្រទេសវៀតណាម។
បើតាមលោក កែវ សុភ័គ អនុប្រធានព្រៃកាពារ WWF បានឲ្យដឹងថា ដោយមានបញ្ជាពីលោក ឡុង ប៊ុង ប្រធានព្រៃកាពារ WWF ដែលបានទទួលព័ត៌មានថា មានជនជាតិវៀតណាមចូលមកលួចកាប់ឈើក្នុងទឹកដីកម្ពុជា ត្រង់ចំណុចខាងលើ ទើបលោកបានសហការជាមួយកម្លាំងនគបាលកាពារវរៈការពារព្រំដែនលេខ ១០៣ ចុះទៅចំណុចនោះ រួចក៏ឈានទៅដល់ធ្វើកាឃាត់ត្រាក់ទ័របានចំនួន៥គ្រឿង ពីទីតាំងផ្សេងៗគ្នា។
បើតាមលោក កែវ សុភ័គ ត្រាក់ទ័រចំនួន៥គ្រឿងនោះ មាន៤គ្រឿងដឹកឈើហ៊ុបមូល ព្រមទាំងឈើឡាំងជ្រុងចំនួន៣០កំណាត់ មានប្រភេទឈើស្រឡៅ សុក្រម ផ្ចឹក ចំណែកមួយគ្រឿងទៀតមានរ៉ឺម៉កសណ្តោងអត់មានដឹកឈើទេ។ ដោយឡែកអ្នកបើកត្រាក់ទ័រទាំង៥គ្រឿង ដែលសុទ្ធសឹងជាជនជាតិវៀតណាម ត្រូវបានកងកម្លាំងចាប់ឃាត់ខ្លួនបាន បន្ទាប់មកក៏រត់រួចទៅបាត់នៅត្រង់ចំណុចទួលលវេតិ។
បច្ចុប្បន្នកម្លាំងចម្រុះកំពុងធ្វើកាដឹកជញ្ជូនវត្ថុតាងទាំងនោះយកមករក្សាទុកនៅស្នាក់ការព្រៃការពារ WWF។
សូមបញ្ជាក់ថា ករណីជនជាតិវៀតណាមលួចចូលមកកាប់ និងដឹកជញ្ជូនឈើនៅក្នុងទឹកដីខ្មែរ នៃខេត្តមណ្ឌលគិរីនេះ បានកើតឡើងជាញឹកញាប់ ដែលវាត្រូវបានគេគិតថា ប្រហែលជាអាចមានការឃុបឃិតពីមន្ត្រីព្រំដែន ទើបបានជាជនជាតិវៀតណាមទាំងនោះអាចចូលមកកាប់ឈើនៅក្នុងស្រុកខ្មែរបានយ៉ាងដូច្នេះ៕
ប្រភព៖ ann.com.kh