កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តនីសាន់ ដឹកឈើប្រណិតប្រភេទធ្នង់របស់មេឈ្មួញដុះស្លែជើងខ្លាំង ហ៊ន ផាន្នី ជាមន្ត្រីយោធាកងពលតូចអន្តរាគមន្ត៍លេខ១៤ ខេត្តពោធិ៍សាត់ មានការផ្ទុះអាវុធពីសំណាក់សមត្ថកិច្ច ដោយឈ្មួញឈើបាញ់គំរាមសមត្ថកិច្ច ខណៈពេលសមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រមាញ់តាំងពីតំបន់បំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហួតដល់ចំណុចផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះសម្រេចចិត្តបាញ់រថ យន្តបំបែកកង់ទៅមុខលែងរួចទើបចាប់បាន ។
សកម្មភាពបង្ក្រាបបានធ្វើឡើងខណៈឈ្មួញឈើបាញ់ប្រមាណ៣គ្រាប់ ដើម្បីរារាំងសមត្ថកិច្ច ដែលក្រុមឈ្មួញទាំងនេះដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង តាមផ្លូវលំឆ្ពោះ ទៅកាន់ឃ្លាំងដ៏ធំមួយកន្លែងនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
ប្រភពពីកន្លែងកើតហេតុបានបន្តអោយដឹងថារថយន្តដឹកឈើរបស់មេឈ្មួញដែលប្រើស្បែកមន្ត្រីយោធា លោក ហ៊ន ផាន្នី បានកើតឡើងជាយូរមកហើយ ដោយពួកគេដឹកឈើចេញពីស្រុកភ្នំក្រវ៉ាញ ឆ្ពោះមកតំបន់បំណក់ ឆ្លងកាត់តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចេញទៅខេត្តកំពង់ស្ពឺ តាមផ្លូវអមលាំង ។
ឈ្មួញឈើរូបនេះពីមុនមក គេដឹកជញ្ជូនឈើតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬទៅខេត្តត្បូងឃ្មុំ ព្រំប្រទល់កម្ពុជាវៀតណាម ។ ប៉ុន្តែដោយសារតែកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងពង្រឹងតាមដងផ្លូវជាតិ ទើបពួកគេបង្វែរដឹកតាមផ្លូវលំខាងលើ ហើយក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង នៅវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី១១ធ្នូ២០១៥ នៅចំណុចផ្លូលំមួយកន្លែងស្ថិតក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕