ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញបានសម្តែងនូវក្តីព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការអសន្តិសុខដល់សង្គមជាតិ ហើយប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញអំពាវនាវដល់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេសឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឱ្យចាត់វិធានការពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គមជាតិ ។ ឥឡូវនេះនៅខណ្ឌដូនពេញមានល្បែងស៊ីសងគ្រប់ប្រភេទ និងបនស្រីពេស្យា គ្រឿងញៀនបង្កើតចោរកម្ម កាន់តែរាលដាលខ្លាំងឡើងៗ ហើយគ្មានការបង្ក្រាបពីអាជ្ញាធរខណ្ឌដូនពេញ និងសមត្ថកិច្ចនូវកុំខ្សោយក្នុងការបង្ក្រាប ។
ការបើកបនស្រីពេស្យា បនល្បែងស៊ីសងដូចជា បៀរ អាប៉ោង ភ្នាល់ចាក់បាល់ ចាក់កន្ទុយលេខ តាមប្រព័ន្ធអ៊ីនធឺណេត ហ្គេមបាញ់ត្រី ខ្លាឃ្លោកក៏ដូចជា ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន បានបើកដោយសេរី តែគ្មានអាជ្ញាធរ ខណ្ឌដូនពេញ និងសមត្ថកិច្ចមូលដ្ឋានណាធ្វើមកធ្វើការអើពើអំពីបញ្ហានេះឡើយ ។
បនល្បែងស៊ីសងគ្រប់ប្រភេទ និងបនស្រីពេស្យា និងបទល្មើសផ្សេងៗទៀត កើតឡើងយ៉ាងពេញបន្ទុក គឺនៅតាមសង្កាត់មួយចំនួនក៏មានបញ្ហានេះកើតឡើងហើយអ្នកញៀន ល្បែងខ្លះចាញ់អស់ដី ផ្ទះសម្បែង អស់លុយ អស់ទ្រព្យសម្បត្តិនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារទៀតផង ។ ហើយល្បែងស៊ីសង គឺជាប្រភពនៃអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គមជាតិ ព្រោះដើម្បីស្រង់ដើមអ្នកចាញ់ល្បែងខ្លះបានប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់បាញ់សម្លាប់ គួរឱ្យព្រួយបារម្ភ ។
ថ្មីៗនេះ ករណីប្លន់ប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមកក្រើកឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ។ ករណីប្លន់នេះ កំពុងទាញអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញរួមទាំងភ្ញៀវបរទេស ដើរទេសចរផង ឱ្យភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ ។
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញបានរអ៊ូរទាំថា ការពង្រឹងសន្តិសុខសង្គមជាតិ អាជ្ញាធរមិនសូវយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច របស់រដ្ឋាភិបាល ។ មួយរយៈពេលចុងក្រោយនេះ អំពីប្លន់ប្រដាប់អាវុធកើតឡើងជារៀងរាល់យប់ ហើយចោរឆក់ ចោរប្លន់ បនស្រីពេស្យា តាមដងផ្លូវធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដោយសារតែការបង្ក្រាបរបស់ អាជ្ញាធរខណ្ឌ និងសមត្ថកិច្ច ។
ជាក់ស្តែងមានការបើកឱ្យដំណើរការល្បែងស៊ីសងគ្រប់ប្រភេទ បនស្រីពេស្យា និងគ្រឿងញៀន កំពុងតែកើតឡើងពេញបន្ទុកយ៉ាងអនាធីបតេយ្យនៅលើដែនដីខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ល្បែងទាំងនោះ បានបើកឱ្យដំណើរការយ៉ាងរលូនដែលគេស្គាល់ឈ្មោះ រតនៈ ហៅ រ៉ា ជាមន្ត្រីកងរាជអាវុធហត្ថ ព័ត៌មាន និងមានខ្នងបង្អែកលោក អធិការ និងអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញ ៕