ពោធិ៍សាត់៖ ថ្មីៗនេះបន្ទាប់ពីមានការចុះផ្សាយ តាមប្រព័ន្ធទូរទស្សន៍ជាច្រើនពាក់ព័ន្ធជាមួយមេឈ្មួញឈើ ឈ្មោះ ឌី ដែលតែងតែធ្វើសកម្មភាពដឹកប្រភេទឈើប្រណីត មកពីខេត្តពោធិ៍សាត់ ឆ្លងកាត់ចំណុចផ្លូវស្ពានដែកស្រុកឱរ៉ាល់បានដោយសេរី ក៏ផ្ទុះប្រតិកម្មចេញពីស្នងការនគរបាលខេត្ត កំពង់ស្ពឺតម្រូវឱ្យមេឈ្មួញឈ្មោះ ឌី ចូលខ្លួនទៅបំភ្លឺ ប៉ុន្តែតាមការឱ្យដឹងពីប្រភពផ្សេងៗគឺមេឈ្មួញឈើដុះស្លែឈ្មោះ ឌី មិនបានចូលទៅបំភ្លឺឡើយ ហើយបានគេចខ្លួនទៅខេត្តកំពង់ចាម មួយរយៈរង់ចាំឱកាសស្ងប់ស្ងាត់ ក៏ស្រាប់តែលេចមុខមេឈ្មួញ ឈើឈ្មោះ ឌី មកវាតទីកាងឈើនៅតាមស្ពានដែកនិងផ្លូវ ក្នុងស្រុកឱរ៉ាល់ ដោយពុំឃើញមានសមត្ថកិច្ច ណាហ៊ានចុះបង្ក្រាបឡើយ ។
ប្រភពពីអ្នករកស៊ីឈើតាមចំការបានឱ្យដឹងថា ឈ្មោះ ឌី ដែលអាចដឹកឈើចេញពីខេត្ត ពោធិ៍សាត់ឆ្លងកាត់ស្រុកឱរ៉ាល់បានដោយគ្មានសមត្ថកិច្ចណាហ៊ានមកហាមឃាត់ព្រោះមានខ្នងបង្អែកការពារពីលោក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ និងលោកអភិបាលស្រុកឱរ៉ាល់ ហេតុនេះហើយ ទើបលោកមិនកោតខ្លាចនរណាសោះ។
ប្រភពបានបន្តទៀតថា៖ រយៈកាលកន្លងមកដែលមេឈ្មួញ ឈើឈ្មោះ ឌី តែងធ្វើសកម្ម ភាពដឹកឈើប្រណីតហើយ ផ្គើនទៅនឹងអ្នកសារព័ត៌មានទូរទស្សន៍ ដោយប្រកាសឱ្យថតចុះផ្សាយម៉ាសេរីផងនោះ គឺត្រូវបានគេអះអាងថាផលចំណេញ ពីបទល្មើសព្រៃឈើ គឺមានចំណែកជាមួយលោកអភិបាលស្រុក និងលោកអធិការស្រុក ឱរ៉ាល់ផងដែរ ទើបភាពក្រអឺតក្រទមរបស់មេឈ្មួញបទល្មើសព្រៃឈើរូបនេះ ប្រើសំដីថ្លោសដាក់អ្នកសារព័ត៌មានបែបហ្នឹងបាន ។
មិនដឹងថានៅស្រុកខ្មែរ ប្រភេទមេឈ្មួញបទល្មើសព្រៃឈើដែលប្រើកម្លាំងសមត្ថកិច្ច ធ្វើជាខ្នងបង្អែកបែបហ្នឹងពេលណារដ្ឋអាចមានវិធានការបង្ក្រាបឱ្យផុតរលត់អស់ទៅនោះទេ ។ ទំនងជាស្រុកខ្មែរអស់ព្រៃឈើហើយមើលទៅ ទើបមានវិធានការក្តៅរបស់ប្រមុខរាជ រដ្ឋាភិបាល អាចមានប្រសិទ្ធភាពពិតប្រាកដ ព្រោះបើក្រឡេកមើលព្រៃភ្នំនៅក្នុងស្រុកឱរ៉ាល់បច្ចុប្បន្ន គឺត្រង៉ោលរលាយអស់ហើយ ទើបឆ្លងទៅបន្តកាប់បំផ្លាញ ដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ដូចពេលបច្ចុប្បន្ននេះ ។
បើនិយាយដល់ប្រវត្តិស្រុកឱរ៉ាល់ គឺអតីតកាលជាតំបន់ព្រៃស្តុក ៧៥ភាគរយទៅហើយ ប៉ុន្តែដោយមានកិច្ចការពារនិងអភិរក្សពីមន្ត្រីជំនាញមេព្រៃនិងបរិស្ថាន រួមទាំងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថនិងនគរបាលផងនោះ ទើបព្រៃឈើក្នុងស្រុកឱរ៉ាល់ មានការរីកដុះដាលឡើងវិញ ក៏ប៉ុន្តែត្រូវបាត់បង់អស់៩០ភាគរយទៅហើយនាពេល បច្ចុប្បន្ននេះ ។
ហេតុផលជាក់លាក់ដែលបង្កឱ្យដែនជម្រកសត្វព្រៃក្នុងស្រុកឱរ៉ាល់ត្រូវបាត់បង់ដូចសព្វថ្ងៃនេះគឺពិតជាមិនអាចប្រកែកបានថាទាំងសមត្ថកិច្ចជំនាញ និងកម្លាំងនគរបាលបាននឹងកំពុងស្វែងរកផលប្រយោជន៍ក្រោមរូបភាពអំណាចការពារបទល្មើសព្រៃឈើ ដូចករណីមេឈ្មួញឈើឈ្មោះ ឌី ជាភស្តុតាងស្រាប់ ៕