មណ្ឌលគីរី៖ មេឈ្មួញកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃលោក ឡេង ចាន់មុន្នី ត្រូវគេដឹងថា ជាអ្នកប្រមូលទិញឈើ និង ដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃខែឆ្នាំមកហើយ មិនដែលឃើញអាជ្ញាធរខេត្ត ឬមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ចាត់វិធានការបង្ក្រាបនោះទេ ។
មេឈ្មួញដឹកឈើ ឡេង ចាន់មុន្នី បានចាត់តាំងមេការឈ្មោះ ម៉ុក ឱ្យដើរបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលកាប់ឈើក្នុងព្រៃសហគមន៍យកមកលក់ឱ្យខ្លួន ដោយមានការឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែកផងដែរ ។ ឈើដែលមេឈ្មួញ ឡេង ចាន់មុន្នី ប្រមូលទិញបាននៅក្នុងស្រុកកោះញែក ត្រូវដឹកជញ្ជូនឆ្លងកាត់ស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូនគ្មានអាជ្ញាធរមន្ត្រីជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក បានឱ្យដឹងថា មេការរបស់មេឈ្មួញកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃ ឡេង ចាន់មុន្នី បានដើរទិញរណាយន្តរាប់រយគ្រឿង ដើម្បីឱ្យប្រជាពលរដ្ឋមួយចំនួនចូលកាប់ឈើក្នុងព្រៃសហគមន៍ និងព្រៃការពារក្នុងស្រុកកោះញែក យកមកលក់ឱ្យខ្លួនក្នុងតម្លៃថោកៗ ។ ប្រសិនបើប្រជាពលរដ្ឋណាកាប់ឈើបានហើយ មិនយកមកលក់ឱ្យឈ្មោះ ម៉ុក ដែលជាមេការរបស់មេឈ្មួញ ឡេង ចាន់មុន្នី ទេនោះ ប្រាកដជាត្រូវមន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែក បង្ក្រាបជាមិនខានឡើយ ។
លោក សួន សិរិវីឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក ត្រូវបានគេដឹងថា ជាអ្នកឃុបឃិតជាមួយមេឈ្មួញ ឡេង ចាន់មុន្នី ដើម្បីផលប្រយោជន៍ហើយមិនបានចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងពេញបន្ទុកនោះឡើយ ។
សកម្មជនការពារព្រៃឈើនៅក្នុងស្រុកកោះញែក បានឱ្យដឹងថា សព្វថ្ងៃនេះ ឈើប្រណីត និងឈើប្រភេទលេខ ១ ក្នុងព្រៃការពារ ព្រៃសហគមន៍ និងព្រៃអភិរក្សក្នុងស្រុកកោះញែក ស្ទើរតែវិនាសសាបសូន្យអស់ទៅហើយ ដោយសារតែអាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចឃុបឃិតគ្នាបើកដៃឱ្យមេឈ្មួញ ឡេង ចាន់មុន្នី កាប់រំលំអារច្រៀកដឹកជញ្ជូនយក ទៅលក់នៅប្រទេសវៀតណាម ដែលឆ្លងកាត់ស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអណ្តូងមាស ខេត្តរតនគីរី យ៉ាងរលូនតែម្តង ។
នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក លោក សួន សិរិវីឌ្ឍន៍ គឺជាអ្នកទទួលខុសត្រូវដ៏ធំជាងគេ ចំពោះការបើកដៃឱ្យឈ្មួញ ឡេង ចាន់មុន្នី បំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ។ ដូច្នេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គួរចាត់វិធានការទៅ លោក សួន សិរិវីឌ្ឍន៍ ជាបន្ទាន់ ព្រោះមន្ត្រីរូបនេះ គឺជាអ្នកបើកដៃឱ្យមេឈ្មួញ ឡេង ចាន់មុន្នី កាប់ឈើក្នុងស្រុកកោះញែក ស្ទើរតែរលត់រលាយអស់ទៅហើយ ៕