ពត៌មានលើផ្ទៃទឹកបឹងទន្លេសាប៖ អាញីវម្ចាស់អួនជនជាតិវៀតណាម រស់នៅកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន៤វង់ចេញធ្វើការនេសាទដោយប្រើប្រាស់កម្លាំងម៉ាស៊ីនខ្នាតធំ គ្មានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចេញបង្ក្រាប។
ដោយឡែក អាហុងក្បាលដែក មានអួនចំនួន៨វង់ និងយ៉ាំងកាវ បញ្ជាកម្លាំងកម្មករធ្វើការនេសាទនៅក្នុងទឹកដីស្រុកជីក្រែង ខេត្តសៀមរាប ហើយក៏បានផ្តល់លាភសក្ការៈ ដល់សមត្ថកិច្ចជំនាញ ទាំងខេត្តពោធិ៍សាត់ និង ខេត្តសៀមរាប សមល្មមពួកគេធ្វើការនេសាទដោយល្មើសច្បាប់គ្មានកង្វល់នឹងសមត្ថកិច្ចចាត់វិធានការបង្ក្រាប ។
សេចក្តីរាយការណ៍ខាងលើបានបន្តថា សកម្មភាពវាយអួនទាំងនេះ ពិសេសបានធ្វើអោយនាយខណ្ឌរដ្ឋបាល ជលផលខេត្តពោធិ៍សាត់ និងខេត្តសៀមរាបទទួលបានចំណែកច្រើនជាងគេ ខណៈអួននីមួយៗរត់ការក្នុងមួយគ្រឿង១ម៉ឺនដុល្លារអាមេរិក ។
ទន្ទឹមនឹងសេចក្តីរាយការណ៍ខាងលើនេះ បើតាមប្រជានេសាទលក្ខណៈគ្រួសារសុំមិនបញ្ចេញឈ្មោះបានអះអាងថា បច្ចុប្បន្នមានការនេសាទវាយអួន រាប់សិបគ្រឿង និងជនរុញប្រមាណជាង៦០គ្រឿង បានកំពុងបញ្ចេញសកម្មភាពនេសាទបញ្ឆេះម៉ាស៊ីនហ៊ុយទ្រលោម នៅលើផ្ទៃទឹកបឹងទន្លេសាប ។ ករណីខាងលើនេះ សហការីសារព័ត៌មានយើង បានទទួលហើយចុះថតរូបភាពដោយផ្ទាល់ កាលពីកន្លងទៅថ្មីៗនេះ។
ប៉ុន្តែមិនបានស្គាល់ឈ្មោះម្ចាស់អួនក្នុងរូបភាពនេះឡើយ ដែលសកម្មភាពទាំងនេះអ្នកយកព័ត៌មានយើងថតបានក្នុងទឹកដីខេត្តសៀមរាប ។ ពាក់ព័ន្ធសេចក្តីរាយការណ៍ខាងលើនេះ គឺជាសារមួយផ្ញើរទៅលោក អេង ជាសាន ខណៈប្រភពព័ត៌មានបានបង្ហើបថា មន្ត្រីជលផល ទាំងអធិការដ្ឋាន ទាំងខណ្ឌរដ្ឋបាលជលផល បានបញ្ជូនសំណែនជូនលោកម្ចាស់ សមល្មមក្រាស់ក្រែលសើមមាត់សើមកដែរ៕