ភ្នំពេញ៖ ហាងម្លប់ឬស្សីដែលមានទីតាំងនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវទល់មុខអតីតរោងកុនគិរីរម្យដែលល្បីល្បាញ បើករកស៊ីលក់សត្វអណ្ដើកចំហុយយ៉ាងចំហរដោយមិនខ្លាចញញើតនឹងច្បាប់រាប់ឆ្នាំមកហើយនោះ ត្រូវបានខាងអង្គការវ៉ាយអេត សហការជាមួយមន្ត្រីអាវុធហត្ថ ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបើកលក់រាប់ឆ្នាំហើយគេមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបនោះទេ។
ការចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់នេះសមត្ថកិច្ចធ្វើការដកហូតសត្វអណ្ដើករស់បានសរុបជាង១៩០គីឡូក្រាម។ តាមប្រភពព័ត៌មាន អណ្ដើកដែលម្ចាស់ហាងម្លប់ឬស្សីទិញយកមកលក់នេះ គឺជាអណ្ដើកចិញ្ចឹម ឈ្មួញនាំចូលពីប្រទេសថៃយកមកលក់អោយព្រោះភាគច្រើនជាប្រភេទអណ្ដើកធំៗមានទម្ងន់ចាប់ពីជាង១គីឡូក្រាមទៅជិត២គីឡូក្រាមក្នុង១ក្បាល ហើយក្នុងមួយថ្ងៃៗហាងម្លប់ឬស្សីនេះលក់ដាច់រាប់រយក្បាលឯណោះ។
ចំណែកអណ្ដើកធម្មជាតិក្នុងស្រុកវិញគេមិនអាចរកទិញបានក្នុងចំនួនច្រើនរហូតរាប់រយក្បាលក្នុងមួយថ្ងៃៗហើយមានទំហំធំៗស្មើដូចអណ្ដើកចិញ្ចឹមនោះឡើយ។ សមត្ថកិច្ចអាវុធហត្ថខណ្ឌបានអោយម្ចាស់ហាងធ្វើកិច្ចសន្យាបញ្ឈប់ការលក់និងនាំចូលសត្វព្រៃខុសច្បាប់ ហើយបើម្ចាស់ហាងមិនអនុវត្តន៍តាម សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសត្វអណ្ដើកទាំងអស់នោះត្រូវសមត្ថកិច្ចប្រមូលយកទៅប្រគល់ជូនអភិរក្សសត្វព្រៃ៕ ដោយ មែន កំសត់