កំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៌មានផ្ដល់ពីប្រជានេសាទស្លូតត្រង់នៅឃុំ ឆ្នុកទ្រូ បាន និយាយឲ្យដឹងថាបច្ចុប្បន្នបទល្មើសសម្រាស់ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំរុកហ៊ុំព័ទ្ធចាប់យកត្រី ដោយគ្មានឃើញសមត្ថកិច្ចខាងណាទៅបង្រា្កបនោះទេ។
ប្រភពបានបន្តថា បទល្មើលសម្រាស់នេះ បានចាប់ផ្ដើមសំរុកធ្វើសកម្មភាពហ៊ុំព័ទ្ធចាប់ យកត្រីគឺបន្ទាប់ពីសមត្ថកិច្ចចំរុះស្ងប់ស្ងាត់ក្នុងការចុះរុះរើសម្រាស់នៅទីនោះមួយរយៈមកនេះ។ ប្រភពពីអ្នកសិ្នទ្ធ នឹងជនប្រព្រឹត្តបទល្មើសនេសាទសម្រាស់នេះ បាននិយាយឲ្យដឹងថា ការសំរុកហ៊ុំព័ទ្ធចាប់យកត្រីនេះ គឺមានការលួចលាក់ជាមួយលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ចរដ្ឋបាលជលផលសង្កាត់បរិបូណ៌និងសមត្ថកិច្ច ពាក់ព័ន្ធ។
បទល្មើសសម្រាស់នៅទន្លេធំ ក្នុងភូមិសេះស្លាប់នេះ គឺមានទ្រង់ទ្រាយធំៗ មានទំហំរាប់រយម៉ែត្រការ៉េ និងមានរាប់រយដុំ ។ កន្លងមកបទល្មើសសម្រាស់នេះ គឺមានការបង្ក្រាបយ៉ាងក្ដៅគគុកពី សមត្ថកិច្ចចំរុះ រួមទាំងស្ថាប័នអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងផងដែរ។ ប៉ុន្តែពុំដឹងជាយ៉ាងម៉េចទើបបទល្មើសសម្រាស់នៅតែមាន ច្រើនស្អេកស្កះ ហើយបន្សល់ទុកឲ្យជនប្រព្រឹត្តធ្វើការហ៊ុំព័ទ្ធ ចាប់យកត្រី យ៉ាងគគ្រឹកគគ្រេង ដោយគ្មានឃើញសមត្ថកិច្ចខាងណាទៅរំខានដូចឡើយ។
បទល្មើសសម្រាស់នេះ ត្រូវបានជនប្រព្រឹត្ត កាប់ដើមនិងមែកឈើ ដែលជាប្រភេទព្រៃលិច ទឹកសម្រាប់ត្រីពងកូន មកទម្លាក់ក្នុងទឹកក្នុងកំឡុងខែកញ្ញា តុលា និងវិចិ្ឆកានៅតាមទីកន្លែងដែលពួកគេ បានហួងហែងទុកជារបស់គេ ជារៀងរាល់ឆ្នាំនោះ ហើយចាប់ផ្ដើមធ្វើការហ៊ុំចាប់យកត្រី ពីខែកុម្ភៈរហូតដល់រដូវទឹកតំឡើង។
នៅក្នុងការហ៊ុំព័ទ្ធចាប់យកត្រីនេះ គឺពូកគេយកឧបករណ៍អួនក្រឡាល្អិតទៅហ៊ុំព័ទ្ធ សូម្បីតែត្រីតូចតាច ក៏រងការបំផ្លាញដែរ។ ចំពោះករណីបទល្មើសសម្រាស់ នៅទន្លេភូមិសេះស្លាប់នេះ ត្រូវបានជនកំពុងប្រព្រឹត្តបទល្មើសហ៊ុំព័ទ្ធនោះ និយាយថា អ្នករត់ការរបស់ពួកគេ គឺឈ្មោះ ពោច និងបក្ខពួកប៉ុន្មាននាក់ទៀតនៅភូមិសេះស្លាប់នេះ។
លោក ពោច និងលោក ម៉ូត សៀងហេង នាយសង្កាត់បរិបូណ៌នេះពុំត្រូវបានអ្នកសារព័ត៌មានសុំការបំភ្លឺបានទេនៅពេលនេះ ដោយទូរស័ព្ទ របស់លោកទំនាក់ទំនងមិនបាន។
សាធារណជននិយាយថាទោះជាលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង មាន វិធានការនិងចំណាត់ការដ៏ក្ដៅគគុក ជំរុញឲ្យសមត្ថកិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចអាជ្ញាធរ អនុវត្ដច្បាប់ក្នុងការបង្ក្រាបបទល្មើស នេសាទយ៉ាងណាក្ដី ក៏គេសង្កេតឃើញ បទល្មើសនេសាទនៅតែកើតមាននិងរីករាលដាល មិនថមថយឡើយ ដែលសាធារណជនសង្កេតឃើញថា គឺបណ្ដាលមក ពីល្បែងប៉ាវហ៊ីរបស់សមត្ថកិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចអាជ្ញាធរ៕