ព្រះសីហនុ៖ ប្រភពពីសមាជិកសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលួចបង្ហើបយ៉ាងខ្លីថាបន្ទាប់ពីមានការបោះឆ្នោតបែបលក្ខណៈប្រព័ន្ធមក សភាពាណិជ្ជកម្មខេត្តមានការរិះគន់យ៉ាងខ្លាំង ជុំវិញការបោះឆ្នោតបង្ក្រប់កិច្ចតាមបែបបក្សពួកនិយមជាលក្ខណៈប្រព័ន្ឋ លេងល្បិចលើគោក សូម្បីតែកូនក្មេងក៏អាចដឹងបានដែរ។
ជុំវិញបញ្ហានេះក្រុមអាជីវករដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកាលពីខែវិច្ឆិកាកន្លងមកបាននិយាយទាំងការសោកស្តាយថា ពួកគាត់មានការសោកស្តាយយ៉ាងខ្លាំងខណៈពេលមុនមកបោះឆ្នោតពួកគាត់សង្ឃឹមថាគាត់អាចជ្រើសតំណាងសភាដែលជាក្បាលម៉ាស៊ីនលើវិស័យឯកជនដ៏ល្អនិងត្រឹមត្រូវបានម្នាក់ ប៉ុន្តែក្រោយការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងដំណាក់កាលទីមួយ ត្រូវបានបញ្ចប់ស្រាប់តែរឿងដែលមិននឹកស្មានដល់បានកើតឡើង ដោយសារលោក សុខ សុង អតីតប្រធានសភាចាស់ ល្បីខាងក្តោបអំណាច ស៊ីដាច់កូនចៅបានប្រើយុទ្ធសាស្ត្រដ៏អាក្រក់ដែលមនុស្សគ្រប់រូបមិនអាចធ្វើទៅរួចនោះគឺបានប្រកាសដកខ្លួនចេញពីបេក្ខភាពប្រធានសភាភ្លាមៗ ដោយមិនប្រកាសប្រាប់សមាជិក និង អ្នកចូលរួមបោះឆ្នោតជាមុន ។
ផ្ទុយពីការដើរឃោសនាបោះឆ្នោតជាមួយក្រុមអាជីវករកាលពី០១ខែមុន ព្រោះតែលោក សុខ សុង បានឃើញយ៉ាងច្បាស់ថា រូបគាត់ពុំអាចប្រកួតប្រជែងជាមួយបេក្ខភាពម្នាក់ទៀតក្នុងចំណោម បេក្ខភាព៣រូប គឺ លោក វ៉ាន់ សុខហេង និងលោក ឡៅ កាំង ទើបសម្រេចចិត្តខ្សឹបខ្សេវសម្លេងគាំទ្ររបស់ខ្លួនអោយបែរមកគាំទ្រសម្លេងលោកឧកញ៉ា ឡៅ កាំងវិញ ដើម្បីផ្តួល លោក វ៉ាន់ សុខហេង ដែលជាគូរបដិបក្សតាំងពីសម័យសភាចាស់មកម្លេះ។
ប្រភពរិះគន់ដដែលបានទម្លាយរឿងពុករលួយនេះបន្តទៀតថា មុនបោះឆ្នោតជ្រើសរើសសភា សភាពាណិជ្ជកម្មខេត្តព្រះសីហនុទាំង៨រូប មានសភាជ្រើសតាំងចាស់ចំនួន៧រូបត្រូវបានគេសង្ស័យថា មាន៣នាក់ ត្រូវបានលោក ឧកញ៉ា សុខ សុង និង ឧកញ៉ា ឡៅ កាំង បានទិញទឹកចិត្តរួចរាល់ជាស្រេចហើយ ប៉ុន្តែនៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី បែរជាលោក វ៉ាន់ សុខហេង បានគាំទ្រសមាជិកជ្រើសតាំងថ្មីរបស់ខ្លួនរហូតដល់ទៅ៥សម្លេងក្នុងចំណោម០៨សម្លេងដែលសបញ្ជាក់អំពីភ្លើងខៀវក្នុងការទទួលជ័យជំនះរបស់លោក វ៉ាន់ សុខហេង ព្រោះបើគិតសម្លេងគាំទ្រចាស់និងថ្មី លោក វ៉ាន សុខហេង អាចមានសម្លេងគាំទ្រ ចាប់៥សម្លេងឡើងទៅ ក្នុងចំណោមសមាជិកជ្រើសតាំងទាំងថ្មី ទាំងចាស់សរុបចំនួន១៥នាក់ ដូចនេះភាគរយនៃការឈ្នះលោក វ៉ាន់ សុខហេង មានរហូតដល់8០ %។
ដោយឃើញពីស្ថានភាព សភាពការមិនល្អ លោក ឧកញ៉ា សុខ សុង បានសុខចិត្តដកខ្លួនចេញពីបេក្ខភាពប្រធានសភាហើយប្រគល់សម្លេងគាំទ្ររបស់ខ្លួន មកអោយលោក ឧកញ៉ា ឡៅ កាំង វិញដូចនេះមានន័យថា ពីរនាក់នឹងម្នាក់ ពិតជាអាចផ្តួលលោក វ៉ាន់ សុខហេង បានដោយស្រួល។
ជាលទ្ធផលដូចអ្វីៗដែលគ្រោងទុកពិតមែន លោក ឧកញ៉ា ឡៅ កាំង ត្រូវបានឈ្នះ លោក វ៉ាន់ សុខហេង ក្នុងលទ្ធផល ០៩ សម្លេង ទល់នឹង០៥សម្លេង ដោយអនុប្បវាទ០១សម្លេង។ ក្រោមទង្វើដ៏ស្មោកគ្រោកនេះក្រុមអាជីវករក្នុងខេត្តព្រះសីហនុ ពិតជាអស់សង្ឃឹមយ៉ាងខ្លាំង និងមានការស្តាយនូវពេលវេលានិងសន្លឹកឆ្នោតយ៉ាងខ្លាំងក្រោយពីដឹងរឿងរ៉ាវដ៏អាស្រូវនេះ៕