ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងសកម្មភាពរបស់ជនអគតិមួយចំនួនដែលកែប្រែរូបថតរបស់សម្ដេចមានលក្ខណៈខុសទ្រង់ទ្រាយដើម និងមិនសមរម្យ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងចំពោះសកម្មភាពទាំងឡាយនេះដែលបានបំផ្លាញដល់កិត្តិយសសម្តេចនិងក្រុមគ្រួសារក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ។ សម្តេចបានបញ្ជាក់ថា ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។
ខាងក្រោមនេះគឺជាខ្លឹមសារប្រតិកម្មទាំងស្រុងរបស់សម្តេចតេជោផ្សព្វផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រតិកម្មចំពោះការកែប្រែរូបថតខុសពីទ្រង់ទ្រាយដើមពីសំណាក់ក្រុមជនអគតិមួយចំនួន។
«ខ្ញុំ និង ភរិយាព្រមទាំងកូននិងចៅៗគិតថានាំគ្នាមកសំរាកលំហែរកាយនៅសមុទ្រក្នុងថ្ងៃឆ្លងឆ្នាំ ហើយមានឱកាសបានជួបសួរសុខទុក្ខប្រជាពលរដ្ឋនិងបានថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ។ តែជាអកុសលគឺមានបុគ្គលមកពីបក្សប្រឆាំងជ្រុលនិយមមួយចំនួនបានព្យាយាមយករូបភរិយាខ្ញុំយកទៅកែបម្លែងក្នុងកំព្យូទ័រតាមកម្មវិធី (Photoshop) ដូចឃើញក្នុងស្នាមក្រឡាឥដ្ឋវៀចក្នុងរូបដែលពួកនេះបានទាញជើងភរិយាខ្ញុំអោយមើលទៅមានលក្ខណ:មិនសមរម្យ ដើម្បីពួកគេវាយប្រហារ។
នេះជាល្បិចថោកទាបបំផុតមួយរបស់សកម្មជនបក្សប្រឆាំងដែលគិតថាគ្មាននរណាដឹង។ រាល់នូវទង្វើទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និងក្រុមគ្រួសារ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយគឺពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានប្រសិទ្ធពរបវរសួស្ដីជូនជនរួមជាតិ សូមប្រកបតែសេចក្តីសុខ និងសំណាងល្អក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ នេះ ៕ ដោយ មែន កំសត់