មណ្ឌលគីរី៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី បានរាយការណ៍ឱ្យដឹងថា ច្រកទ្វារ ទ្វេភាគី គឺប៉ុស្តិ៍អម្ពិល ស្រុកពេជ្រាដា គឺជាតំបន់ដែលលោក ហ៊ុន ជា និងមេការឈ្មោះ ម៉ៅ ប៉ាវផ្តាច់ក្នុងការដឹកជញ្ជូនឈើប្រណីតដូចជា ធ្នង់ បេង នាងនួន យកទៅលក់នៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ គ្មានឃើញអាជ្ញាធរខេត្តមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើសមត្ថកិច្ចមិនហ៊ានបង្ក្រាប និងទប់ស្កាត់រថយន្តដឹកជញ្ជូនឈើប្រណីតរបស់លោក ហ៊ុន ជា និងមេការឈ្មោះ ម៉ៅ នោះទេ ព្រោះខ្លាចបាត់បង់តួនាទី និងធ្លាក់ស័ក្តិពីលើស្មាយ៉ាងទាន់ហន់ ។ ហេតុនេះទើបពួកគេរង់ចាំទទួលតិចតួចពីលោក ហ៊ុន ជា និងមេការឈ្មោះ ម៉ៅ ដើម្បីសេចក្តីសុខរៀងៗខ្លួន ។
តាមការអះអាងរបស់កម្លាំងសមត្ថកិច្ចនៅច្រកប៉ុស្តិ៍អម្ពិល ស្រុកពេជ្រាដា បានឱ្យដឹងថា លោក ហ៊ុន ជា និងមេការ ឈ្មោះ ម៉ៅ ដឹកជញ្ជូនឈើចេញទៅប្រទេសយួនក៏ដូចជា សម្របសម្រួលជាមួយសមត្ថកិច្ចតាមដងផ្លូវ ។ ប្រភពដដែលបានឱ្យដឹងថា សមត្ថកិច្ចខ្លះគ្រាន់តែឮឈ្មោះ លោក ហ៊ុន ជា ពួកគេរក្សាភាពស្ងៀមស្ងាត់មិនហ៊ានប៉ះពាល់រថយន្តដឹកឈើខុសច្បាប់នោះទេ ។
សមត្ថកិច្ចអាជ្ញាធរខេត្ត និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្នុងស្រុកពេជ្រាដា បានឱ្យដឹងថា រថយន្តដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់លោក ហ៊ុន ជា គឺជាប្រភេទរថយន្តឡង់គ្រីសស័រ ស៊េរីឆ្នាំ៩២, ៩៣, ៩៥និង៩៦ ដោយបាញ់ថ្នាំ ពណ៌ក្រហមឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយចំណាំទៀតផង ។ ដោយសារតែលោក ហ៊ុន ជា និងមេការឈ្មោះ ម៉ៅ មានសិទ្ធិអំណាចក្នុងការប្រមូលទិញឈើ និងដឹកជញ្ជូនឈើទៅលក់នៅប្រទេសយួនតាមច្រកប៉ុស្តិ៍អម្ពិល ស្រុកពេជ្រាដាផ្តាច់មុខបែបនេះហើយទើបបទល្មើស កាប់ឈើក្នុងស្រុកពេជ្រាដា និងស្រុកនានា ក្នុងខេត្តមណ្ឌលគីរី រាលដាលកាន់តែខ្លាំង ។
បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះអាជ្ញាធរខេត្ត និងមេរដ្ឋបាលព្រៃឈើខេត្ត និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគីរី គ្មាននរណាហ៊ានប៉ះពាល់លោក ហ៊ុន ជា ឡើយ ៕