ក្រចេះ ៖ រថយន្តយីឌុបភ្លៅ៥ ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា ថៃ បានក្រឡាប់ កាលពីវេលាម៉ោង ៨និង០០ នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះតាមផ្លូវជាតិលេខ៧ ចាក់ឈើប្រណិត ចោលពេញផ្លូវ មិនឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យនោះឡើយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តយីឌុបភ្លៅ៥ របស់លោកឧកញ៉ា ថៃ បានក្រឡាប់ ហើយក្អួតចេញសុក្រំ រាប់រយម៉ែត្រគូប ហើយគេមិនទាន់ដឹង អំពីមូលហេតុ នៃការក្រឡាប់នោះទេ គ្រាន់តែដឹងថា រថយន្តដឹកឈើប្រណិត របស់លោកឧកញ៉ា ថៃ គឺបើកចេញពីច្រកតុងមិន សំដៅទៅស្រុកមេមត់ និងឆ្ពោះទៅលក់ នៅប្រទេសវៀតណាម ហើយឈើទាំងអស់នេះ សុទ្ធតែជាឈើខុសច្បាប់ ។
ក្រោយពេលក្រឡាប់ភ្លាមៗ មេការរបស់លោកឧកញ៉ា ថៃ ឈ្មោះ ធី ភ័យស្លន់ស្លោ ព្រោះខ្លាចដឹង ដល់អ្នកសារព័ត៌មាននិងសមត្ថកិច្ចមួយចំនួន ដែលមិនទាន់ទទួលបានសំណូក ទើបឈ្មោះ ធី បានទាក់ទង ទៅសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដែលធ្លាប់ទទួលបានលាភសក្ការះ ឲ្យជួយបិទបាំង ព័ត៌មានខាងលើនេះ តែទោះជាយ៉ាងនា ដំរីងាប់យកចង្អេរទៅបាំង គឺមិនអាចបាំងជិត នោះឡើយ ។
សូមរំលឹកថា ក្រុមហ៊ុនលោកឧកញ៉ា ថៃ តាមរយះមេការឈ្មោះ ធី បានប្រកបរបរជំនួញឈើខុសច្បាប់ ក្នុងទឹកដីនៃភូមិភាគឥសាន្តជិត ២០មកហើយ ពុំដែលមានសមត្ថកិច្ច ណាបង្ក្រាបបានទេ ព្រោះតែពួកគេបានទទួលសំណែន ពីឈ្មោះ ធី គ្រប់ៗគ្នា។ លើសនេះទៅទៀត រថយន្តយីឌុប របស់លោកឧកញ៉ា ថៃ មិនគ្រាន់តែដឹកឈើប្រណិត ខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដឹកលើសទម្ងន់ បំផ្លាញផ្លាញផ្លូវជាតិលេខ៧ ស្ទើរខូចខាតទាំងស្រុង ប៉ុន្តែមិនទាន់ឃើញ អាជ្ញាធរ ឬសមត្ថកិច្ច ចាត់វិធានការនោះឡើយ៕ដោយមែនកំសត់