ពោធិ៍សាត់៖ ប្រជាពលរដ្ឋជាច្រើនជាពិសេសឈ្មួញរកស៊ីដឹកទំនិញតាមបណ្ដោ យផ្លូវជាតិលេខ៥បានសម្ដែងការរិះគន់និងរអ៊ូថា សមត្ថកិច្ចចម្រុះដែលមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរួមទាំងនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់កុងត្រូលជជុះគាបស៊ីលុយ ពីប្រជាពលរដ្ឋអ្នករកស៊ីតូចតាច ដោយយកតម្លៃទ្វេ ១គុណ១០។ កម្លាំងនគរបាលខាងលើត្រូវបានគេអះអាងថាកំពុងយកឈ្មោះអភិបាលខេត្តពោ ធិ៍សាត់លោក ម៉ៅ ធនិន និងព្រះរាជអាជ្ញាផងដែរដើម្បីគំរាមទារប្រាក់ពីឈ្មួញរកស៊ី។
សេចក្ដីរាយការណ៍បន្តរិះគន់យ៉ាងខ្លាំងចំពោះកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមានប្រធាន ជាឧត្តមសេនីយ៍ ជា សុមេធិ បានដាក់កូនចៅក្រោមឱវាទចុះមកកាន់ទឹកដីខេត្តខេត្តពោធិ៍សាត់ ដើម្បីឃ្លាំមើលនិងបង្ក្រាបបទល្មើសទូទៅដែលជាប់ពាក់ព័ន្ធនិងបទល្មើសសេដ្ឋកិច្ច ។
ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្តោយផ្លួវជាតិលេខ៥ បានរៀបរាប់ប្រាប់បន្តអោយដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលចុះបេសកកម្ម មកកាន់ទឹកដី ខេត្តពោធិ៍សាត់ដឹកនាំដោយនាយការិយាល័យនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកវរៈសេនីយ៍ឯក ទូច យុទ្ធា ត្រូវបានប្រជាពលរដ្ឋរិះគន់ និង ចោទថា ដាក់កុងត្រូលជជុះដេញប្រមាញ់ស្ទាក់ចាប់រថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកផល អនុផលព្រៃឈើ ជំរិតទារប្រាក់។
ប្រភពបន្តថា ប្រជាពលរដ្ឋអ្នករកស៊ីដឹកសត្វគោ ក្របី មាន់ ទា ជ្រូកនិងទំនិញផ្សេងៗជាច្រើនទៀត ត្រូវឈប់ចូលបង់លុយអោយប៉ូលិសដែលឈរជើងនៅគល់ស្ពានផ្លូវជាតិ លេខ៥ស្ថិតក្នុងភូមិសាស្ត្រភូមិមាន់ចែ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខាងលើដោយមិនអាចចៀសផុត
ឡើយ។
ប្រភពខាងលើបានអះអាងបន្តថាកម្លាំងចម្រុះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើនេះ ការបង្ក្រាបមានតិចតួច ស្ទើរតែអត់ក៏ថាបាន ហើយគេបង្ក្រាបតែចំពោះរថយន្តណាដែលមិនបានបង់ប្រាក់ប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមចម្រុះនេះកំពុងតែដាក់កុងត្រូល ជជុះ ស្ថិតក្នុង គោលដៅជាចំណុចរសើបមួយសម្រាប់ការអូសទាញនៃការគាំទ្រការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាបោះឆ្នោតសភា នីតិកាលទី៦ នាពេលខាងមុខ។
កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានព្រមានដល់កងកម្លាំងប្រដាប់អាវុធ ដែលប្រាស់ចាកពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការសម្រួលចរាចរណ៍រកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយហាមមិនអោយមានការដាក់កុងត្រូលជជុះ។ ទោះយ៉ាងណាមន្ត្រីនគរបាលនៅចំណុចខាងលើបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ៕