ក្រចេះ៖ ថ្មីៗនេះសកម្មភាពរបស់មេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើ និងបំផ្លាញផ្លូវថ្នល់ដឹកជញ្ជូនឈើតាមរថយន្តយីឌុប យកទៅលក់នៅប្រទេសយួនក្នុងមួយយប់ៗមិនក្រោមពី ៤០គ្រឿង ទៅ ៦០គ្រឿង ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ ស្គាល់ឈ្មោះមេបំផ្លាញព្រៃឈើសត្វព្រៃ និងផ្លូវថ្នល់នោះ គឺលោក ប៊ុន ថៃ ដែលមានមេការឈ្មោះ ធី ជាដៃស្តាំផ្ទាល់ អាចបញ្ជាឱ្យកម្មករអារច្រៀកឈើឱ្យទៅជាឈើគ្រឿងដែលត្រូវប៉ាន់តាមមេឈ្មួញ ជនជាតិយួនកម្មង់ដោយបញ្ជាឱ្យកម្មករធ្វើការអារច្រៀកឈើទាំងនោះ ចេញពីតំបន់ព្រៃអតីតដីព្រៃសម្បទានក្រុមហ៊ុនអភិវឌ្ឍន៍ខ្មែរអង្គរ តំបន់ភ្នំព្រេចក្នុងស្រុកស្នួល ខេត្តក្រចេះ ជាប់ព្រំប្រទល់ខេត្តមណ្ឌលគីរី រួចគេដឹកជញ្ជូនឈើតាមរថយន្តយីឌុបមានទ្រុងសម្គាល់ពណ៌ត្រេអី ឆ្លងកាត់ស្រុក ស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ព្រំប្រទល់ប្រទេសកម្ពុជា និងប្រទេសយួន ។
ប្រភពដដែលរាយការណ៍ខាងលើបានឱ្យដឹងថា រាល់សកម្មភាពដឹកជញ្ជូនឈើ និងបំផ្លាញផ្លូវថ្នល់ទាំងនោះ ដោយដាក់ជំនៀរឈើខាងលើ ។ រីឯឈើឆ្អិនបង្អប់ខាងក្រោមមានឈើធ្នង់ ឈើក្រហម ឈើសុក្រំ ផ្ចិក និងឈើប្រណីតប្រភេទឈើធ្នង់ ដឹកបានយ៉ាងរលូនមិនមានការរំខាន់ពីសំណាក់អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធឡើយ ដែលសកម្មភាពទាំងនោះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា កើតឡើងយ៉ាងគគ្រឹកគគ្រេង និងស្ទើរតែរាល់ថ្ងៃរាល់ យប់ខូងផ្លូវថ្នល់ ក្លាយជាអូរក៏គ្មានអាជ្ញាធរខេត្ត និងមន្ត្រីជំនាញសមត្ថកិច្ចណាអើពើដែរ ។ ដោយហេតុថា ក្រុមមេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើសត្វព្រៃ ផ្លូវថ្នល់ លោក ប៊ុន ថៃ ខាងលើបានបង់ខែ បង់លុយឱ្យអភិបាលខេត្ត មន្ត្រជំនាញរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ ដោយអ្នកខ្លះគិតរាប់ក្បាលឡានអ្នកខ្លះទៀតបង់ប្រចាំខែ ។
គួររំលឹកថា ដីព្រៃសម្បទាននៅតំបន់ខាងលើ ត្រូវបានរដ្ឋាភិបាលដកពីក្រុមហ៊ុនសម្បទាននោះ កាប់យកតែឈើមិនធ្វើ ការអភិវឌ្ឍន៍អ្វីសោះ ខុសលក្ខខណ្ឌដាំដំណាំកៅស៊ូ ។ ពាក់ព័ន្ធសេចក្តីរាយការណ៍ខាងលើ ភ្នាក់ងារអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីសំណាក់អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងលោក ប៊ុន ថៃ បាននៅឡើយទេ៕