កំពង់ធំ៖ យុវជនម្នាក់មានឈ្មោះ ប៊ន សុធា អាយុ២៧ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីត ប្រចាំសាខាសៀមរាបនិងស្ទឹងសែន មានទីលំនៅបច្ចុប្បន្នភូមិម្នាវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ដោយយុវជនរូបនេះប្រើ Facebook អាក់ខោនចំនួន២ «ទី១-អាក់ខោន Somorn Koko និងទី២អាក់ខោន Ma Nesth» របស់ខ្លួនខមមិនចូល Facebook សម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបានជេរតិះដៀលប្រមាថ ធ្ងន់ៗទៅលើសម្ដេចហ៊ុនសែន ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចស្រុកស្ទឹងសែនបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួន ដើម្បីយកមកសាកសួរ យុវជនរូបនេះបានសារភាពថាខ្លួនពិតជាបានប្រើ Facebook អាក់ខោនគណនីទាំង២ និងខមមិនចូល Page របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងបានជេរដៀលប្រមាថលើពាក្យធ្ងន់ៗពិតប្រាកដមែន។
បច្ចុប្បន្នយុវជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំចាត់វិធានការទោសតាមច្បាប់៕ ដោយ មែន កំសត់