ភ្នំពេញ៖ អធិការនគរបាលខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសអធិការនគរបាលខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌប្ញស្សីកែវ ជាដើម ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗប្រកប ដោយប្រសិទ្ធភាពនោះទេ ជាហេតុធ្វើឲ្យមានអំពើប្លន់ប្រដាប់អាវុធ ចោរឆក់ តាមដងផ្លូវ និងបទល្មើសផ្សេងៗ គ្រឿងញៀនរាលដាលយ៉ាងពេញបន្ទុកនៅក្នុងខណ្ឌចំនួន ៥ខាងលើនេះ។
ថ្មីៗនេះលោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានរំលឹកឱ្យអធិការ នគរបាលតាមខណ្ឌទាំង ១២មិនត្រូវលាក់បាំងបទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។ ការក្រើនរំលឹកនេះ បានកើតឡើងក្រោយពីរកឃើញថា ថ្មីៗនេះក្រុមជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនបានសារភាពពីករណីដែលគេប្រព្រឹត្តកន្លងមកនៅខណ្ឌមួយចំនួន ហើយនៅពេលធ្វើការស្រាវជ្រាវទៅបែរជាមិនឃើញសំណុំរឿងនៅក្នុងខណ្ឌទាំងនោះទៅវិញ ។
លោក ជួន សុវណ្ណ លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍សភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រឿងញៀនសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ ។
ចំណុចដែលគួរឱ្យកត់សម្គាល់នោះ គឺលោក ជួន សុវណ្ណ បានបញ្ជាក់ថា ការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ ការអនុវត្តដីកាស្វែងរកចាប់ខ្លួនមុខសញ្ញាដែលនៅសេសសល់ទទួលបានលទ្ធផល មិនទាន់ក្លាយជាសកម្មភាពជាក់ស្តែងរបស់សមត្ថកិច្ច ។ ប្រការនេះហើយ ដែលធ្វើឱ្យការបង្ក្រាបបទល្មើសមានការថយចុះ តែមួយរយៈពេលថ្មី ហើយមានការកក្រើកឡើងវិញ បន្ទាប់ពីមុខសញ្ញាទាំងនោះ បានបង្កើតជាក្រុមថ្មី ដើម្បីធ្វើសកម្មភាពបន្ត ។
ពាក់ព័ន្ធនឹងបញ្ហានេះប្រជាពលរដ្ឋបានរិះគន់ថា អធិការនគរបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌទួលគោក អសមត្ថភាពជាងគេក្នុងការពង្រឹងសន្តិសុខសង្គម ដូច្នេះល្មមដល់ពេលដែលលោក ជួន សុវណ្ណ ស្នងការរងនគរបាលរាជធានីភ្នំពេញសើរើតំណែងពួកគេហើយ ៕