ភ្នំពេញ៖ សកម្មភាពពលករខ្មែរធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ចំនួន៤នាក់ដែលបានជេរប្រមាថសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនតាមរយៈឃ្លីបវីដេអូនៅលើទំព័រហ្វេកប៊ុក។ ឃ្លីបវីដេអូជិត៨នាទីយុវជន ដែលជាពលករបានកាន់រូបថតសម្តេចហ៊ុន សែនបណ្តើរនិងតិះដៀលដោយពាក្យអសុរោះបណ្តើរ បន្ទាប់មកបានដុតរូបថតសម្តេចហ៊ុនសែនដោយលើកឡើងថា នេះជាកាដូរឆ្នាំថ្មីរបស់សម្តេចហ៊ុន សែន។ យុវជនទាំង៤រូបដែលជេរប្រមាថប្រមុខរដ្ឋាភិបាលកម្ពុជាដោយមិនញញើតនេះ ថែមទាំងបានអំពាវនាវឲ្យអ្នកដែលមិនពេញចិត្តសកម្មភាពរបស់ពួកគេមកចាប់ខ្លួនពួកគេទៀតផង។ យោងតាមឃ្លីបវីដេអូដែលបង្ហោះនៅលើទំព័រហ្វេកប៊ុកឈ្មោះថា “ពលករខ្មែរនៅកូរ៉េ” ក៏បានឲ្យដឹងផងដែរថា ការធ្វើយ៉ាងដូច្នេះពីព្រោះពួកគេមិនពេញចិត្តការដឹកនាំរបស់សម្តេចហ៊ុន សែន។
ឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើននេះ លោកស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់សមត្ថកិច្ចកូរ៉េនិងគ្រប់រោងចក្រឬអ្នកស្គាល់កន្លែងស្នាក់នៅរបស់យុវជនទាំងនោះសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចាត់ការតាមច្បាប់កូរ៉េ និងកម្ពុជាដើម្បីចាប់បញ្ជូនយុវជនមួយក្រុមនេះត្រឡប់មកស្រុកខ្មែវិញ។ សំណេរនៅលើទំព័រហ្វេកប៊ុកថ្ងៃទី០៨ខែមករានេះ លោកស៊ុតឌីណាបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០១៦នេះយើងនឹងធ្វើការយ៉ាងហ្មត់ចត់ជាមួយភាគីកូរ៉េក្នុងការបោសសំអាតជនបាតសង្គមពីទឹកដីកូរ៉េអោយអស់។ ឆ្នាំ២០១៦នឹងធ្វើការបោសសំអាត ដោយសាររយៈពេល២ឆ្នាំហើយដែលលោកតែងអង្វរដល់ភាគីកូរ៉េ អនុគ្រោះដល់ពលករខ្មែរកុំអោយគេចាប់ឬធ្វើទុក្ខបុកម្នេញ ដោយសារការអាណិត។
ភ្ជាប់នឹងករណីនេះ ចង់បញ្ជាក់ដែរថាកន្លងមកក៏មានអ្នកត្រូវចាប់ខ្លួនដោយសារការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ករណីចុងក្រោយនៅថ្ងៃទី០៧មករា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានសរសេរសារគំរាមសម្លាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុក។ យុវជនម្នាក់នេះមានឈ្មោះ អ័រ (ឈ្មោះគណនីហ្វេសប៊ុក Sam Orn Koko) អាយុ២៨ឆ្នាំ៕
ប្រែសម្រួលដោយ មែន កំសត់
ប្រភព៖ VAYO FM