ត្បូងឃ្មុំ៖ សង្វៀនជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូស្របច្បាប់ នៅមាត់ច្រកទ្វារអន្តរជាតិព្រំដែន ត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លេងកក្រើក គឺកាស៊ីណូ៧ជាន់ GMG ។ សេចក្តីរាយការណ៍បានអោយដឹងថា នៅខាងក្រោយកាស៊ីណូ GMG តែម្ដងបើកលេងដោយមានទាំងភ្ញៀវខ្មែរ និងវៀតណាមចូលទៅលេង។
ដោយឡែក នៅខាងក្រោយ កាស៊ីណូ ហេងហេង គឺបើកលេងប្ដូរវេនគ្នាវិញ មានមនុស្សចូលលេងពេញៗ ដែលអ្នកចូលលេងភ្នាល់ល្បែងជល់មាន់នេះ ភាគច្រើនជាជនខ្មែរស្ទើរតែជាង ៨០ភាគរយ មានទាំងអ្នកញៀនល្បែងជាមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច ក្រុមឧកញ៉ា និងឈ្មួញរកស៊ីជួញដូរ អ្នកធ្វើចំការធំៗមានលុយរាប់សែន រាប់លានដុល្លារ គឺឃើញមុខនៅវង់ជល់មាន់ អមដោយវង់អាប៉ោង ដោយការជល់មាន់ភ្នាល់ដាក់លុយនេះ មួយគូៗ គឺគេភ្នាល់គ្នា រហូតដល់រាប់ពាន់រាប់ ម៉ឺនដុល្លារឯណោះ។ ចំណែកជនជាតិវៀតណាម ដែលយកមាន់មកជល់ភ្នាល់ដាក់លុយដែរនោះ មានប្រមាណ១០-២០ភាគរយប៉ុណ្ណោះ។
ករណីនេះគេមិនទាន់ដឹងថា សង្វៀនជល់មាន់ភ្នាល់ដាក់លុយមួយគូៗ រាប់ពាន់រាប់ម៉ឺនដុល្លារនេះ មានច្បាប់ឬអត់ ឬជ្រកក្រោមច្បាប់កាស៊ីណូឬ យ៉ាងណានោះទេ។ ប៉ុន្តែជាក់ស្ដែងទោះជាវង់ជល់មាន់នេះ មានច្បាប់ក៏ដោយ តែបើយោងតាមច្បាប់ល្បែងស៊ីសង គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះទេ ហើយសង្វៀនជល់មាន់ នៅមាត់ច្រកទ្វារត្រពាំងផ្លុង នេះបើគេបើកលេងនៅខាងក្រោយទីតាំងកាស៊ីណូ ហេងហេង គឺបច្ចុប្បន្នកាស៊ីណូនេះ បានផ្អាកអាជីវកម្មបាត់ទៅហើយ។ ចំណែកសង្វៀនគេ បើកលេងនៅខាងក្រោយកាស៊ីណូ GMG តាមការពិនិត្យមើលជាក់ស្ដែង គឺមិនស្ថិតនៅក្នុងបរិវេនដីកាស៊ីណូនោះឡើយ គឺស្ថិតនៅលើដីឡូត៍ដាច់ដោយឡែក គ្រាន់តែជាប់របងគ្នាប៉ុណ្ណោះ។
សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងមួយថ្ងៃៗ គេចាប់ផ្ដើមជល់ តាំងពីម៉ោងជាង១១ថ្ងៃត្រង់ ទៅរហូតដល់ល្ងាច យ៉ាងហោចណាស់ ៣០ទៅជាង៤០គូ ដែលត្រូវបានជល់ភ្នាល់ជារៀងរាល់ថ្ងៃ។ ក្នុងនោះការជល់ ក្រៅពីម្ចាស់មាន់ទាំងសងខាង ភ្នាល់គ្នាក្នុងតម្លៃចាប់ពី៥០០ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារ អ្នកដទៃទៀតក៏មានសិទ្ធិចាក់ភ្នាល់គ្នាបានដែរ ដោយម្ចាស់តារាងគេមានធ្វើប័ណ្ណពណ៌ខៀវ និងក្រហមសម្រាប់សម្គាល់មាន់ ដោយប័ណ្ណមួយសន្លឹក មានតម្លៃ៥០ម៉ឺនរៀល ដោយក្នុងប័ណ្ណនីមួយៗចាក់ត្រូវ៥០ម៉ឺនរៀលគេដកតុង ២ម៉ឺន៥ពាន់រៀល។
សង្វៀនមាន់ខាងលើនេះ មានជនជាតិខ្មែរ ខ្លះស្ពាយមាន់ទៅតាំងពីភ្នំពេញ ខ្លះមកពីកំពង់ចាម ខ្លះមកពីក្រចេះ ព្រៃវែងជាដើម មានទាំងប្រជាពលរដ្ឋធម្មតា មន្ត្រីរាជការ សមត្ថកិច្ច ជាពិសេសក្រុមអ្នករកស៊ីជំនួញឈើ ថៅកែចំការធំៗនិងឧកញ៉ាជាដើម។ ក្នុងនោះគេក៏ឃើញមុខលោក ញ៉ែម បូរឹម ហៅ ពាង អនុប្រធាននគរបាលច្រកទ្វារអន្តរជាតិត្រពាំងផ្លុងក៏ទៅភ្នាល់ប្រជល់មាន់ស្ទើររាល់ថ្ងៃ ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់នោះភាគច្រើន ពួកគាត់សំណូមពរសូមអោយប្រមុខរាជរដ្ឋាភិបាលបិទចោល ព្រោះតែភាគច្រើនជាកូនចៅ របស់ពួកគាត់ ទៅលេងចាញ់អស់ទ្រព្យសម្បត្តិ បង្កជម្លោះក្នុងគ្រួសារកើតចោរកម្ម និងបទល្មើសផ្សេងៗជាដើម។
តែបើសង្ឃឹមលើមន្ត្រីអាជ្ញាធរមូលដ្ឋាន គឺមិនអាចទៅរួចឡើយ ព្រោះជាឆ្នាំងបាយ របស់ពួកគេហើយ ម្យ៉ាងទៀតការលុបចោលល្បែងស៊ីសងខាងលើ គឺជាការចូលរួមចំណែកយ៉ាងធំធេងដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ កន្លងទៅគេនៅចាំបានថា អគ្គស្នងការនគរបាល ក្រសួងមហាផ្ទៃ ក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹង ចំពោះការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមការស៊ីណូ ដែលអនុញ្ញាតិអោយជនជាតិខ្មែរចូលលេង ត្រូវហាមដាច់ខាត ៕