បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមានការរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរ ដែលបានបើកឲ្យមានល្បែងស៊ីសង នៅតាមកាស៊ីណូរហូតដល់មានកាស៊ីណូមួយមានឈ្មោះ«ឡាក់គី»នៅត្រង់រង្វង់មូលក្រុងប៉ោយប៉ែត បានដាក់បំរាមដល់ប្រជាពលរដ្ឋ មិនឲ្យចតឈប់រថយន្ត ម៉ូតូនៅត្រង់រង្វង់មូល ក្រុងនោះឡើយ ដោយសំអាងថាធ្វើឲ្យ រញ៉េរញ៉ៃនិងរំខានភ្ញៀវចូលមកលេងកាស៊ីណូ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការចតឈប់រថយន្តពិសេសម៉ូតូរបស់ពួកគាត់គឺឈប់ មួយភ្លែតៗ នៅពេលដែលចូលទៅទិញរបស់របរក្នុងផ្សារ ក្បែរកាស៊ីណូនោះ ប្រជាពលរដ្ឋមានការកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់ថៅកែកាស៊ីណូ ព្រោះថាទីតាំងនោះមិនមែនជាកម្មសិទ្ធិរបស់ម្ចាស់កាស៊ីណូទេ តែវាជាសម្បត្តិសាធារណៈ ហើយករណីនេះមិនមានសមត្ថកិច្ចអាជ្ញាធរ ណាមកអន្តរាគមន៍ឡើយ ចំពោះល្បែងនៅក្នុងកាស៊ីណូរួមមាន ៖ជល់មាន់ បៀរ អាប៉ោង លេងដោយសេរី និងកើតមានទំនាស់ បទល្មើសសឹងរាល់ថ្ងៃ ពោលគឺបទល្មើស លួចឆក់ប្លន់ គ្រឿងញៀន ផ្សេងៗ ។
ចំពោះការលើកឡើងខាងលើនេះលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងថា ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើ ខាងអធិការបានធ្វើរបាយការណ៍ជូនទៅលោកអភិបាលក្រុង និងលោកស្នងការខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការ ហើយចំពោះព័ត៌មានយ៉ាងណាលោកនឹងផ្ដល់ជូននាពេលក្រោយ៕ ដោយ មែន កំសត់