បន្ទាយមានជ័យ៖ ទោះជាមានការផ្លាស់ប្តូរមេគយថ្មី នៅខេត្តបន្ទាយមានជ័យត្រូវបានគេរាយការណ៍ថា ទំនិញគេចពន្ធនៅតែកើតមាន ហើយសំរុកដឹកជញ្ជួនទាំងយប់ទាំងថ្ងៃដោយគ្មានការបង្ក្រាបពីមន្ត្រីជំនាញគយឡើយ។ រថយន្តក្រុងដឹកអ្នកដំណើរគ្រប់ក្រុមហ៊ុន រថយន្តកាមរី និងរថយន្តថាន់ត្រា ត្រូវបានក្រុមឈ្មួញយកធ្វើជាមធ្យោបាយក្នុងដឹកជញ្ជូនទំនិញគេចពន្ធទាំងនេះ។ លោក ឆែ សុធា ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យជំនួស លោក ថោង សុខាំភូ ដែលល្បីថាបើកភ្លើងខៀវអោយឈ្មួញរត់ពន្ធតាមអំពើចិត្ត ។
បន្ទាប់ពីចូលកាន់តំណែងលោក ឆែ សុធា បានប្តេជ្ញាថាមិនអោយមានដាក់កុងត្រូលជជុះតាមដងផ្លូវដើម្បីជំរឹតទារលុយពីពលរដ្ឋ មិនបង្កលក្ខណៈបង្កើតអោយមានទំនិញរត់ពន្ធ ទប់ស្កាត់រាល់ទំនិញរត់ពន្ធគ្រប់ប្រភេទមិនអោយកើតមានដូចសម័យមុនទេ។ តែធាតុពិតតាំងពីលោក ឆែ សុធា បានមកកាន់ខេត្តបន្ទាយមានជ័យកុងត្រូលនៅតែមានច្រើន បទល្មើសរត់ពន្ធកើតមានកាន់តែច្រើនជាងមុន ក្រុមឈ្មួញសំរុកដឹកទាំងថ្ងៃទាំងយប់។
រថយន្តក្រុងលែងដឹកអ្នកដំណើរបែរមកដឹកទំនិញគេចពន្ធ រថយន្តកាមរីដឹករហូតដល់ដាក់លើដំបូល រថយន្តថាន់ត្រា កាន់តែកើនចំនួនជាងមុនព្រោះសប្បាយក្នុងការដឹកទំនិញទាំងនេះ ហើយសមត្ថកិច្ចជំនាញមិនដែលធ្វើការបង្ក្រាបឡើយ លុះមានការបង្ក្រាបគឺបង្ក្រាបក្នុងន័យគោះទឹកបង្អើលអោយត្រីរត់រកលប ឬនិយាយបានទៀតថាអោយត្រីស្គាល់លបតែប៉ុណ្ណោះ។
ជាក់ស្តែងការឃាត់ចាប់រថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរ អ៊ិចស្ព្រេស មួយគ្រឿងដឹកទំនិញគេចពន្ធខុសច្បាប់ដែលត្រូវគេប៉ាន់ប្រមាណថាមានតម្លៃរាប់ម៉ឺនដុល្លារ របស់គយចល័ត ប្រចាំសាលាក្រហម ស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ កន្លងទៅក្រុមគយ មានចេតនាលាក់លៀមក្រុមអ្នកយកព័ត៌មានព្រមទាំងបានដេញមិនអោយថតរូបយូរពេកទេ ពេលកំពុងរើនិងមិនអោយនៅយូរដើម្បីទុកពេលអោយម្ចាស់រថយន្តក្រុង ម្ចាស់ទំនិញចូលខ្លួនទៅចរចារ ព្រោះក្រោយពីក្រុមអ្នកយកព័ត៌មានចាកចេញរថយន្តក្រុងដែលដឹកទំនិញគេចពន្ធនោះ ក៏ត្រូវបានដោះលែងដែរ។ ការដោះលែងនេះ លោក ឆែ សុធា បានយកលេសដោយប្រាប់តាមទូរសព្ទ័ថា គឺកុំអោយប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ។
ជុំវិញការចាប់ទំនិញហើយដោះលែងរថយន្តជាមធ្យោបាយដោយស្ងាត់ៗ និងការមិនបង្ហាញចំនួនជាក់លាក់នៃទំនិញដល់អ្នកយកព័ត៌មានព្រមទាំងការរុញដាក់គ្នារបស់ក្រុមមន្ត្រីគយ ពិសេសមិនអោយអ្នកកាសែតនៅយូរក្នុងកុងត្រូលខ្លួន ដែលបង្កដល់ការប៉ះពាល់ដល់អ្នកចូលមកបង់លុយនោះ បានធ្វើអោយមហាជនមានការប្រៀបធៀបថា ការដកស្កាចេញហើយដាក់សំពោច គឺវាខូចដូចតែគ្នា ព្រោះសត្វទាំងពីនេះវាសុទ្ធតែចេះស៊ីមាន់ ហើយអ្វីដែលមេគយថ្មីនិងក្រុមការងារលោកកំពុងព្យាយាមលាក់បាំងអ្នកយកព័ត៌មាននេះ ប្រហែលជាសំរុកប្រមូលយកដើមខ្លះសិន៕