មណ្ឌលគីរី៖ លោកនាយដែនជំរកសត្វព្រៃតំបន់ភ្នំព្រេជ ដែលមានព្រំប្រទល់រវាងខេត្តក្រចេះនិងខេត្តមណ្ឌលគីរីបានអនុញ្ញាតឲ្យឈ្មួញចូលកាប់បំផ្លាញព្រៃ ដូចជាក្បួនហែកឋិនជារៀងរាល់ថ្ងៃ និងមានដឹកម៉ាស៊ីនអារឈើ រណាយន្ត ត្រង់ស៊ីន័រ ចូលអារឈើ យកឈើដឹកនាំទៅលក់ឲ្យក្រុមហ៊ុននៅតាមខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា ដោយពុំមានសមត្ថកិច្ចជំនាញណាមកទប់ស្កាត់បង្ក្រាបឡើយ ឈើដែលគេកាប់បំផ្លាញនោះរួមមាន ក្រញូង សុក្រំ បេង នាងនួន ឈើទាលជាដើម ។
តាមប្រភពព័ត៌មានពីតៃកុងឡានបានប្រាប់ឲ្យដឹងថា៖ លោកមិនដឹងថាការកាប់ឈើនេះមានច្បាប់នរណាបើកឲ្យទេ រូបលោកត្រឹមជាអ្នកស៊ីឈ្នួល ហើយក្នុង១ថ្ងៃលោកត្រូវដឹកតាមបញ្ជាគេ ចេញយកទៅឲ្យក្រុមហ៊ុនជាច្រើននៅតាមខេត្ត ពិសេសខេត្តក្រចេះនៅម្ដុំភ្នំព្រេជ ព្រំប្រទល់ក្រចេះ មណ្ឌលគីរី ។
លោក សំរង់ ឌីវិចិត្រ នាយដែនជំរកសត្វព្រៃ តំបន់ភ្នំព្រេជ ខេត្តមណ្ដលគីរី បានឲ្យដឹងថា៖ ចំពោះការចោទប្រកាន់រូបលោកលើការឃុបឃិតនឹងឈ្មួញ បើកដៃឲ្យឈ្មួញកាប់ព្រៃឈើគឺរូបលោកមិនបានដឹងរឿងទេ ហើយលោកនឹងចំណាត់ការស្វែងរកចាប់ខ្លួនអ្នកបង្ខូចរូបលោកយកមកទទួលទោសឲ្យបាន ក្នុងករណីជាក់ស្ដែង។
តែមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់កាន់តែខ្លាំង ដោយពាក្យសម្ដីលោកនាយដែនជំរក សំរង់ ឌីវិចិត្រ និយាយថា តាមចាប់អ្នកចោទ និងបង្ខូចឈ្មោះ លោកយកមកទទួលទោស តែលោកមិនមានចំណាត់ការទប់ស្កាត់ អ្នកបំផ្លាញ កាប់ព្រៃឈើក្នុងដែនលោកគ្រប់គ្រងទេ ដូចនេះព្រៃឈើនឹងហិនហោចអស់ សូម្បីតែ នាងនួន បេង ឈើទាល ក៏មិនមានដែរក្នុងតំបន់នោះ បើគ្មានសមត្ថកិច្ចបង្ក្រាបទប់ស្កាត់អនាគតនិងជាទីរហោដ្ឋាន៕ ដោយ មែន កំសត់