ស្ទឹងត្រែង៖ មន្ត្រីអាជ្ញាធរមូលដ្ឋានរាយការណ៍ឲ្យដឹងថា ឈ្មោះ សារ៉ាត់ ជាមេការប្រមូលទិញឈើឲ្យមេឈ្មួញ អ៊ុក គឹមសាន។ បច្ចុប្បន្នឈើប្រណីតគ្រប់ប្រភេទ កំពុងប្រឈមនឹងសេចក្តីវិនាស។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ឈ្មោះ សារ៉ាត់ មេការរបស់ឧកញ៉ា អ៊ុក គឹមសាន ដែលបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើប្រណីតនិងចាំប្រមូលទិញឈើយ៉ាងសុខស្រួលនៅស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់។ អាចនិយាយបានថាឈើប្រណីតក្នុងស្រុកទាំង៣នេះចៀសមិនផុតពីរលាយ សាបសូន្យដោយសារស្នាដៃឧកញ៉ា អ៊ុក គឹមសាន និងបក្ខពួកនោះទេ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធគិតតែរឿងផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបបទល្មើស។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា បទល្មើសកាប់ឈើប្រណីតក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែកើតមានយ៉ាងពេញបន្ទុក ហើយឈ្មោះ សារ៉ាត់ ជាមេការរបស់ឧកញ៉ា អ៊ុក គឹមសាន គឺជាអ្នកយកលុយទៅបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋចូលព្រៃសហគមន៍ និងព្រៃអភិរក្ស ដើម្បីកាប់ឈើយកមកលក់ឲ្យពួកគេ។
ចំណែកសមត្ថកិច្ចពាក់ព័ន្ធដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានព្រមទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មិនចាត់វិធានការបង្ក្រាបបទល្មើស ប្រមូលទិញឈើនិងដឹកជញ្ជូនខុសច្បាប់នោះឡើយ
ឈ្មួញតូចតាចមួយចំនួនបានឲ្យដឹងថាឈ្មោះ សារ៉ាត់ ជាមេការឧកញ៉ា អ៊ុក គឹមសាន គឺជាអ្នកប្រមូលទិញឈើពីស្រុកទាំង៣ខាងលើ ហើយដឹកជញ្ជូនមកស្តុក ក្នុងឃ្លាំងចំណុចវាយថ្មក្នុងស្រុកសៀមប៉ាងនិងឃ្លាំងធំ មួយទៀតនៅ ក្រុងស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថាឈ្មោះ សារ៉ាត់ បានពង្រាយកម្លាំងជាច្រើនឲ្យធ្វើសកម្មភាព កាប់ឈើក្នុងព្រៃសហគមន៍និងព្រៃការពារក្នុងស្រុកនេះ ហើយមន្ត្រីរដ្ឋបាលព្រៃឈើមិនចាត់វិធានការទប់ស្កាត់ឡើយ។ ទាំងលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនិងមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មោះ សារ៉ាត់ មេការឧកញ៉ា អ៊ុក គឹមសាន ទើបនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះបទល្មើស ដែលកើតឡើងពេញបន្ទុកនោះ ។
សូមរំលឹកផងដែរថាថ្មីៗនេះ តាមលទ្ធផលអង្គសន្និបាតគណបក្សប្រជាជន រយៈពេល២ថ្ងៃ បានណែនាំដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ និងមន្ត្រីគ្រប់រូប ឲ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ស្មោះត្រង់ និងការតាំងចិត្តខ្ពស់តាមអភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល ដែលជាការងារដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។
អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ របស់គណបក្សប្រជាជនកម្ពុជានារយៈពេល២ថ្ងៃ ដែលត្រូវបានបញ្ចប់ បានសម្រេចនូវខ្លឹមសារសំខាន់ៗចំនួន៩ចំណុច ដែលក្នុងនោះ ក៏បានក្រើនរំលឹកថ្មីបន្តទៀត ដល់មន្ត្រីរបស់ខ្លួន ត្រូវឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល ដើម្បីធ្វើការកែទម្រង់ស៊ីជម្រៅរបស់បក្ស ដែលចំណុចសំខាន់បំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា។
នេះជាលើកទី២ហើយ ដែលគណបក្សប្រជាជនបានបញ្ជាឲ្យមន្ត្រីរបស់បក្សខ្លួនត្រូវ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល ដើម្បីអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅរបស់គណបក្ស។ ការបញ្ជានេះ បានធ្វើឡើងក្រោយពីគណបក្សកាន់អំណាចមួយនេះ បានធ្លាក់ប្រជាប្រិយយ៉ាងគំហុកកាលពីបោះឆ្នោត២០១៣កន្លងមកនេះ។ សារព័ត៌មានយើងមិនអាចទាក់ទងមេឈ្មួញ អ៊ុក គឹមសាន សូមការបំភ្លឺបាននៅឡើយទេ៕