សៀមរាប៖ គយច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប បានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈនាំចូលទូរស័ព្ទ iPhone គេចពន្ធចំនួន ៤៩៧គ្រឿង នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
ជនសង្ស័យដែលនាំចូលស្មាតហ្វូន គេចពន្ធនេះ មានឈ្មោះ ភិន រស្មី និង ង៉ូវ ធៀងហុង ពួកគេបាននាំចូល ទូរស័ព្ទ iPhone ចំនួន៤៤៧គ្រឿង តាមច្រកទ្វារអន្តរជាតិ អាកាសយានដ្ឋានសៀមរាប។ ទូរស័ព្ទស្មាតហ្វូន ដែលគេចពន្ធនោះ មាន iPhone 6s Plusថ្មី ចំនួន ១៥គ្រឿង, iPhone 6sថ្មីចំនួន ៣២គ្រឿង, iPhone 6s Plus ប្រើរួច ៨៥គ្រឿង និង iPhone 6s ប្រើរួច ២១៥គ្រឿង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូន ដែលគេចពន្ធ ត្រូវបានជនសង្ស័យផ្ញើតាមយន្តហោះដោយឈ្មោះ ភិន រស្មី ចំនួន៧ វ៉ាលី និងឈ្មោះ ង៉ូវ ធៀងហុងចំនួន ៤វ៉ាលី។
សមត្ថកិច្ចបានបន្តថា នៅម៉ោង ១០៖២០នាទី ព្រឹកថ្ងៃទី១៤ ខែមករា សមត្ថកិច្ចបានចាប់ដកហូត ០១វ៉ាលីថែមទៀត ដែលឈ្មោះ ភិន រស្មី បានផ្ញើតាម ជើងហោះយន្តហោះមួយទៀតដោយរួមមាន iPhone 6sថ្មី ៣០គ្រឿង និង iPhone 6s Plus ថ្មី ២០គ្រឿង។
តាមប្រភពព័ត៌មានបានអោយដឹងថាទូរស័ព្ទស្មាតហ្វូនទាំងនេះត្រូវបាននាំចូលមកពីពីក្រុងហុងកុង និងប្រទេសសិង្ហបុរី៕
ប្រភព ៖ rasmeinews