កំពង់ឆ្នាំង៖ ក្រុមហ៊ុន ទ្រីភាព នៅតែជាក្រុមហ៊ុនជួញដូរឈើយ៉ាងសកម្មបើទោះបីជាឧកញ៉ា ទ្រីភាព ថា ក្រុមហ៊ុនគាត់ឈប់ក៏ដោយ។ ជាក់ស្តែងថ្មីៗនេះនៅក្នុងអាណាចក្រ ខេត្តពោធិ៍សាត់មានរថយន្តយីឌុបមួយបានដឹកឈើឲ្យក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព ចេញពីទីតាំងក្រុមហ៊ុននៅចំណុចចំការជ្រៃ ស្ថិតក្នុង ឃុំអន្លុងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់យកលក់មកចែកចាយតាមដេប៉ូ ឬស្តង់លក់ឈើនៅខេត្តកំពង់ឆ្នាំង។
ក្នុងការដឹកជញ្ជូននេះតៃកុងរថយន្តអះអាងថាគេ មានច្បាប់ PC មេព្រៃឲ្យដឹក។ ប៉ុន្តែនៅពេលអ្នកព័ត៌មានយើងទូរស័ព្ទសួរទៅលោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកវាលវែង លោកថា «លោកអត់ដឹងទេ ព្រោះទីតាំងក្រុមហ៊ុនទ្រីភាពនោះថិតនៅក្នុងដីបរិស្ថានគឺផុតដៃមេព្រៃ ហើយ ដល់ឮចឹងធ្វើឲ្យមានចម្ងល់ថាបើឈើនោះផុតពីដៃមេព្រៃ ចុះពេលដឹកចេញអ្នកណាចេញច្បាប់PCអោយ? ម្យ៉ាងទៀតលោកឧកញ៉ា ទ្រី ភាព ក៏បានប្រកាស់បិទអាជីវកម្មកាប់ឈើនៅស្រុកវាលវែងខេត្តពោធិ៍សាត់ហើយ ព្រោះអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនទ្រី ភាព នៅតំបន់នោះបានអស់សុពលភាពទៅហើយ»។
ប្រជាពលរដ្ឋឆ្ងល់ហើយសួរថាតើក្រុមហ៊ុន MDS របស់លោកឧកញ្ញា ទ្រី ភាព មានអាជ្ញាប័ណ្ណថ្មីពីរាជរដ្ឋាភិបាលឲ្យធ្វើអាជីវកម្មបន្ត ឬក៏មានជនខិលខូចឃុបឃិតគ្នាលួចធ្វើហើយយកឈ្មោះក្រុមហ៊ុនទ្រីភាពមកបាំង។ បើមានអាជ្ញាប័ណ្ណបន្តសូមប្រកាស់អោយមហាជនទូទៅបានដឹងផងលោកឧកញ៉ា ព្រោះនៅខេត្តពោធិ៍សាត់អត់មានអ្នកណាដឹងថាក្រុមហ៊ុន ទ្រីភាព របស់លោក ឧកញ៉ា មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មបន្តទេ គឺដឹងត្រឹមតែថាលោកឧកញ្ញា ទ្រីភាព ប្រកាស់បិទឈប់ប៉ុណ្ណោះ៕