កណ្តាល៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកកោះបានឲ្យដឹងថា ភាពអនាធិបតេយ្យ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងដែនអតីតឡូតិ៍លេខ ៩ និងឡូតិ៍ លេខ ១១ ដោយមានការឃុបឃិតពីអភិបាលស្រុកកោះ និងលោក ឈុន លី មេជលផលស្តីទី ជម្រិតទារលុយប្រជាពលរដ្ឋខ្មែរនេសាទលក្ខណៈគ្រួសារ បើកដៃឱ្យលោកប្រធានសហគមន៍ ធឿន ធ្វើសកម្មភាពនេសាទត្រី ដោយប្រើឧបករណ៍នេសាទត្រីខុសច្បាប់ ដូចជាដាក់របាំងព្រួលពេញបឹង នៅអតីត ឡូតិ៍លេខ ៩ និងឡូតិ៍ លេខ ១១។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបចោលដែនឡូតិ៍នេសាទទូទាំងប្រទេសនោះមក សម្តេចបានប្រគល់ទៅឱ្យប្រជាពលរដ្ឋដើម្បីប្រកបមុខរបរនេសាទត្រីតាម លក្ខណៈគ្រួសារ គ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋានវិញ ។ ប៉ុន្តែសកម្មភាពប្រើឧបករណ៍នេសាទខុសច្បាប់ដូចនេះ ប្រើរនាំងព្រួល ប្រើស្បៃក្រឡាញឹក ឆក់ត្រី ដាក់សម្រាស់ នៅតែកើតឡើងដដែល ដែលជាការឃុបឃិតរបស់មេឃុំលោក អភិបាលស្រុកកោះធំ មេជលផលស្តីទីស្រុកកោះធំ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ក្រោយពីពួកគេទទួលផលប្រយោជន៍យ៉ាងខ្លាំង ពោលជាលាភសក្ការៈក្រោមតុ ពីលោក ធឿន តែម្តង ។
ប្រភពដដែលបានបន្តទៀតថា ទោះបីគេសង្កេតឃើញថា តំបន់ដែនឡូតិ៍នេសាទទូទាំងប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ប្រកាសលុបចោល និងប្រគល់ទៅឱ្យប្រជាពលរដ្ឋសម្រាប់ប្រកបមុខរបរនេសាទត្រីជាលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែដោយឡែក នៅក្នុងខេត្តកណ្តាល គេឃើញនៅតែមានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ទៅលើសេចក្តីប្រការបស់សម្តេចតេជោ ហ៊ុន សែន ដដែល ។
ក្នុងនោះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានយកអតីតដែនឡូតិ៍នេសាទ ៩ និងឡូតិ៍ លេខ ១១ ផ្តល់សិទ្ធិឱ្យទៅក្រុមឈ្មួញខាងលើ ធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេស គឺអតីតដែនឡូតិ៍នេសាទលេខ ៩ និងលេខ ១១ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានលោកឧកញ៉ា ម្នាក់ជាអ្នករត់ការក្នុងរឿងនេះ ។
ប្រភពីប្រជាពលរដ្ឋដដែលបានបន្តទៀតថា ឧបករណ៍នេសាទ ត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពដាក់ទៅតំបន់អតីត ឡូតិ៍លេខ ៩ និងឡូតិ៍ លេខ ១១ សព្វថ្ងៃ មានដូចជាដាក់របាំងព្រួល និងសាច់អួន ក្រឡាញឹក ដាក់សម្រាស់ និងឆក់ត្រី គឺខុសនឹងបច្ចេកទេសរបស់ជំនាញជលផលទៀតផង ។ ហើយពុំដែលមានមន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចណាម្នាក់ចេញមុខធ្វើការចុះទៅបង្ក្រាបរាល់សកម្មភាព នេសាទខុសច្បាប់ នៅត្រង់ចំណុចដែនឡូតិ៍ដូចខាងលើនោះឡើយ ។
បច្ចុប្បន្ន តំបន់ឡូតិ៍នេសាទលេខ ៩ និងឡូតិ៍នេសាទលេខ ១១ នេះមិនត្រូវបានប្រគល់ជូនឱ្យប្រជាពលរដ្ឋនេសាទតាមលក្ខណៈគ្រួសារតាមសេចក្តីប្រកាសលុបចោលឡូតិ៍នេសាទរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ពីព្រោះតំបន់អតីត ឡូតិ៍លេខ ៩ និងឡូតិ៍ លេខ ១១ ត្រូវបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធបានឃុបឃិតផ្តល់សិទ្ធិឲ្យអតីតថៅកែឡូតិ៍ ដើម្បីចាប់ត្រីសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ដូច្នេះ ប្រជាពលរដ្ឋទូទាំងស្រុកកោះធំ សំណូមពរដល់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ មេត្តាចាត់កម្លាំងពិសេសស ចុះត្រួតពិនិត្យ អំពីសកម្មភាពប្រើប្រាស់ឧបករណ៍ខុសច្បាប់របស់លោក ធឿន ប្រធានសមាគមន៍ឡូតិ៍លេខ ៩ និងឡូត៍លេខ ១១ ៕