មណ្ឌលគិរី៖ ប្រភេទឡាន យីឌុបម៉ាក ហ៊ីយិនដាយ ផ្ទុកឈើប្រណីតជាច្រើនគ្រឿង បានធ្វើដំណើរចេញពីខេត្ត មណ្ឌលគិរី ឆ្លងកាត់ ភ្នំព្រិច ក្នុងទឹកដី ស្រុកស្នួល រួចបន្តដំណើរ ទៅច្រកដារ ក្នុងស្រុកមេមត់ ត្រូវបានគេអះអាងថា ជារបស់ ឧកញ៉ា លឹម ប៊ុណ្ណា, ឧកញ៉ា សឹង សំអុល និងឧកញ៉ា ថៃ ។ មេឈ្មួញឈើឧកញ៉ា សឹង សំអុល មានមេការ ឈ្មោះ ខុន ជាមន្ត្រី PM ៧០២ ជាអ្នករត់ការបង់លុយ ឲ្យក្រុមទូរទស្សន៍ និងអ្នកកាសែត។ ចំណែកមេការ ឧកញ៉ា លឹម ប៊ុណ្ណា មានឈ្មោះ ភ័ក្ត្រ និងលោក ពៅសក់បះ ជាអ្នករត់ការ បង់លុយឲ្យក្រុមទូរទស្សន៍ និងអ្នកកាសែត ។
សកម្មភាព ឧក្រិដ្ឋកម្ម ព្រៃឈើ របស់មេឈ្មួញ ឧកញ៉ាទាំងបី ត្រូវបានប្រជាពលរដ្ឋនៅច្រកអន្តរជាតិដារ បញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានបើកបារ៉ាស់ ឲ្យឡានដឹកឈើ ខុសច្បាប់ ដឹកចេញទៅវៀតណាមទាំងយប់ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលដឹកដំឡូងមី និងកសិផលផ្សេងៗគឺ ត្រូវបានមេគយ ប្រចាំច្រកដារ មិនអនុញ្ញាតិឲ្យដឹកចេញទាំងយប់ឡើយ ក្រោមហេតុផលថា ច្បាប់មិនបានអនុញ្ញាតិទៅវិញ ។
ដោយបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ ចេញពីឧកញ៉ាទាំងបី មានការឃុបឃិតជាមួយ សមត្ថកិច្ច ប្រចាំច្រកដារនេះហើយ ទើបបទល្មើស ព្រៃឈើ ដែលដឹកជញ្ជូនតាំងពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដឹកចេញទៅ វៀតណាម បានដោយគ្មានកម្លាំងជំនាញ ឬកាសែត ទូរទស្សន៍ ហ៊ានចុះផ្សាយឡើយ ៕