កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលជាអ្នកធ្វើស្រែប្រាំងនៅ តំបន់ទំនប់២០ឧសភាបានរិះគន់និងរអ៊ូរទាំថាពួកគាត់ស្ទើតែរត់មិនរួចលើការចំណាយសោហ៊ុយធ្វើស្រែប្រាំងក្នុង១រដូវៗដោយសារពួកគាត់ ត្រូវចំណាយថវិកាជាដើមទន់ច្រើនពេក។ ក្នុងនោះស្រែ១ហិកតាត្រូវ បង់ថ្លៃទឹកឲ្យខាងសហគមន៍ ចាប់ពីប្រាំពីរម៉ឺនទៅដប់ម៉ឺនរៀលក្នុង១រដូវ។ ថ្លៃជួលដីត្រូវបង់អោយ ម្ចាស់ដី ក្នុងមួយហិចតាចំនួន៥០០គីឡូស្រូវក្នុង១រដូវ និងត្រូវចំណាយលុយ ជួលគោយន្តគេភ្ជួរនិងជួលម៉ាស៊ីនច្រូតអស់លុយជាច្រើនទៀត។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកធ្វើស្រែប្រាំងនៅតំបន់ទំនប់ ២០ឧសភាដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថាក្រុមមន្ត្រីសហគមន៍ដែលមាន ឈ្មោះលោក ខ្មូរ សារួន និងឈ្មោះ តាមន ជាប្រធាននិងអនុប្រធានសហគមន៍ទំនប់២០ឧសភា កំពុងត្រូវប៉ាន់និងសប្បាយកើបលុយពីការយកថ្លៃទឹកដែលបង្ហូរដាក់ ស្រែប្រាំងរបស់ប្រជាពលរដ្ឋប្រមាណជិត១០០០ហិចតាដែលក្នុង១ហិចតា មានតម្លៃចាប់ពីប្រាំពីរម៉ឺនរៀលឡើងទៅ១រដូវៗ។ ចឹងក្នុងមួយឆ្នាំចំណូលពីថ្លៃលក់ទឹកមិនក្រោមពីជាង៤០ទៅ៥០លានរៀល និងយកលុយពីម៉ាស៊ីនច្រូតស្រូវប្រជាពលរដ្ឋក្នុងមួយហិចតាមួយម៉ឺនរៀល សំរាប់ម៉ាស៊ីនច្រូតមួយគ្រឿង។ ដូច្នេះក្នុងមួយរដូវមិនក្រោម១០លានរៀលនោះទេគ្រាន់តែថ្លៃយកតុងពីម៉ាស៊ីនច្រូត។
ក្រៅពីនោះនៅមានខាងអ្នកចិញ្ចឹមទាគេសុំដាក់ទាតាមក្រោមទំនប់ ២០ឧសភា នោះគេក៏ត្រូវបង់អោយសហគមន៍ក្នុងមួយឆ្នាំ១៥០០ដុល្លារអាមេរិចទៀត។ បើសរុបក្នុងមួយឆ្នាំៗមានចំណូលចាប់ពី៥០លានទៅ៦០លានរៀល។ ប្រភពប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងផងដែរថា៖ បើសិនសរុបតែលុយដែលសហគមន៍ ប្រមូលបានចាប់តាំងពីទំនប់អាងទឹក២០ឧសភាចាប់ផ្ដើមកសាងរយៈពេល៣ឆ្នាំ ឬ៤ឆ្នាំមកនេះ ចំណូលយ៉ាងតិចពី១៥០លានទៅ២០០លានរៀលឯណោះ។
ប្រជាពលរដ្ឋឆ្ងល់ហើយសួរតាមសារព័ត៌មានថា៖ តើលុយដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះ លោកមេឃុំមាលំ គឺលោក កេត សុឃា និងលោកប្រធានសហគមន៍ទំនប់ ២០ឧសភា លោកខ្មូរ សារួន និងលោកតាមន យកទៅកសាងបានអ្វីខ្លះ? បើមួយឆ្នាំៗមិនឃើញសំណង់អ្វីជាដំកំភួននោះសោះ ឬមួយយកលុយនេះចែកគ្នាដាក់ហោប៉ៅអស់ហើយ?
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើលោក កេត សុឃា មេឃុំមាលំបានពន្យល់ប្រាប់ថា៖លោកអត់បានដឹងផ្ទៃក្នុងរបស់សហគមន៍អស់ទេ គឺលោកបានដឹងត្រឹមតែតួរលេខក្នុងរបាយការណ៍ប៉ុណ្ណោះ។ ថវិការដែលបានមកនោះចំណាយលើការបើកប្រាក់ខែអោយសមាជិកសហគមន៍ចំនួន៤ នាក់ក្នុងម្នាក់ចំនួន៦០០ដុល្លាក្នុងមួយឆ្នាំនិងស្ដារប្រឡាយក្នុង អាងបាន១ខ្សែ និងឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយអគ្គីភ័យ គ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរ សរុបចំនួន៩នាក់ក្នុងម្នាក់ៗ ចំនួន២០ម៉ឺនរៀល។
ប្រជពលរដ្ឋអ្នកដឹងរឿងមេសហគមន៍ទំនប់២០ឧសភា បានរិះគន់និងស្នើអោយលោកអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ឈួរ ច័ន្ទឌឿន មេត្តាជួយត្រួតពិនិត្យនិងអង្កេតស្រាវជ្រាវរកថវិការដែល សហគមន៍ ប្រមូលលបាននេះមកវិញផង ព្រោះបើទោះជាចំណាយតាមការរៀបរាប់របស់មេឃុំនោះក៏មិនទាន់អស់លុយនោះដែរ គឺនៅសល់ច្រើនណាស់បើសិនទូទាត់លើការចំណាយមិនទាន់អស់ពាក់កណ្ដាលផង៕